(បាងកក)៖ អត្រានៃចំនួន​ប្រជាជនដែល​ជំពាក់បំណុលគេ នៅក្នុងប្រទេសថៃ​បានស្ថិតក្នុង​កម្រិតដ៏ខ្ពស់ ពោលគឺនៅ​លេខរៀងទីបី​​ប្រចាំ​​តំបន់​​អាស៊ី​ប៉ា​ស៊ីហ្វិក កាលពីត្រីមាស​ទីបីនៃឆ្នាំ២០១៦កន្លងទៅ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

លោក Sommarat Chantarat ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ នៃវិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ច Puey Ungphakorn (PIER) បានឲ្យដឹងថា «​អត្រា​នៃអ្នកជំពាក់បំណុល​គេនៅក្នុងប្រទេសថៃ បានជាប់ក្នុង​កំណត់ត្រា​ជាប្រទេស​ ដែលមានអត្រានេះ​ដ៏ខ្ពស់បំផុតមួយ ប្រចាំតំបន់​អាស៊ីប៉ាស៊ី​ហ្វិក និងស្ថិតនៅ​ក្នុងកម្រិតស្មើ​នឹងបណ្តាប្រទេស​អភិវឌ្ឍន៍នានាដែរ ក៏ប៉ុន្តែសមត្ថភាព​នៃការរកប្រាក់សង​បំណុលគេវិញនោះ ប្រហែលជាមិនដូច​ទៅ​នឹង​បណ្តាប្រទេសទាំងនោះឡើយ»

គួរបញ្ជាក់ថា យោង​តាម​​ធនាគារថៃ BIS បំណុលសរុបរបស់​ប្រជាជនថៃទាំងអស់​កាលពីត្រីមាសទីបី​នៃឆ្នាំ២០១៦ គឺស្មើនឹង​៧១ភាគនៃទំហំប្រាក់ចំណូលក្នុងស្រុកសរុប (GDP) របស់​ប្រទេសដោយស្ថិតនៅ​ពីក្រោយតែ​ប្រទេសអូស្រ្តាលី (១២៣ភាគរយ) និងកូរ៉េខាងត្បូង (៩១.៦ភាគរយ) ប៉ុណ្ណោះ៕