(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូជាថ្មីម្ដងទៀត បានព្រមានសហរដ្ឋអាមេរិក ចំពោះការធ្វើសកម្មភាពឯកតោភាគី នៅក្នុងប្រទេសស៊ីរី ខណៈគ្មានការគំរាមកំហែងទាល់តែសោះ ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
សេចក្ដីថ្លែងការណ៍ខាងលើធ្វើឡើងបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា របបដឹកនាំស៊ីរី កំពុងត្រៀមរៀបចំការវាយប្រហារដោយអាវុធគីមីសាជាថ្មី។ ទោះបីយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំណួរ អ្នកសារព័ត៌មានដែលសួរថា តើទីក្រុងម៉ូស្គូបានព្រមានការធ្វើសកម្មភាពឯកតោភាគី របស់ទីក្រុងវ៉ាស៊ីនតោននៅស៊ីរីដែរ ឬទេ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Gennady Gatilov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមមន្ត្រីរុស្ស៊ីតែងតែនិយាយអំពីរឿងនេះ ក្នុងនោះរួមមានទំាងការវាយប្រហារចុងក្រោយ ពីសំណាក់សហរដ្ឋអាមេរិកលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលយើងចាត់ទុកថា ជារឿងមិនអាចទទួលយកបាន និងរំលោភលើដែនអធិបតេយ្យភាពស៊ីរី... ហើយវាក៏មិនចំបាច់អីត្រូវប្រើកម្លាំងយោធាបែបនេះដែរ ពីព្រោះវាគ្មានទាល់តែសោះនូវការគំរាមកំហែងពីកងកម្លាំងស៊ីរី លើកងកម្លាំងពិសេសអាមេរិក ដូច្នេះទង្វើនេះគ្រាន់តែជាសកម្មភាពបង្ករឿងប៉ុណ្ណោះ»។
គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងទៅ អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានអះអាងថា រដ្ឋាភិបាលស៊ីរី ទំនងជាកំពុងរៀបចំការវាយប្រហារដោយអាវុធគីមីសាជាថ្មី ហើយថែមទាំងព្រមានរបបស៊ីរីថា នឹងត្រូវតបស្នងមកវិញនូវតម្លៃមួយសាកសម បើសិនជាហ៊ានប្រើប្រាស់អាវុធគីមីសាជាថ្មី៕