(វ៉ាស៊ីនតោន)៖ ការលក់យន្តហោះដ្រូនស៊ើបការណ៍ ដែលមានតម្លៃជាងពីរពាន់លានដុល្លារពីសហរដ្ឋអាមេរិក ទៅឲ្យប្រទេសឥណ្ឌានោះ ទទួលបានការយល់ព្រមពីសេតវិមានរបស់ លោក ដូណាល់ ត្រាំ ហើយ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះចាំបាច់ត្រូវតែទទួលបាន ការអនុញ្ញាតពីសភាមួយដំណាក់កាលទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោក Linden Blue នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍សព្វាវុធ General Atomics Aeronautical Systems បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងត្រេកអរ និងពេញចិត្តជាខ្លាំងចំពោះ ការដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបើកផ្លូវសម្រាប់កិច្ចព្រមព្រៀង ស្តីពីការលក់យន្តហោះដ្រូន MQ-9B Guardian ទៅឲ្យរដ្ឋាភិបាលឥណ្ឌា»។
គួរបញ្ជាក់ថា បន្ថែមពីនេះបើតាមអនុប្រធានាធិបតីអាមេរិក លោក Mike Pence សហរដ្ឋអាមេរិកក៏មានបំណងលក់ឧទ្ធម្ភាគចក្រចម្បាំង AH-64 Apache និងឧទ្ធម្ភាគចក្រដឹកជញ្ជូន C-17 ទៅឲ្យប្រទេសឥណ្ឌាផងដែរ។ ម៉្យាងវិញទៀតអាមេរិក និងឥណ្ឌា ក៏គ្រោងចុះកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំងធុន F-16 Fighting Falcon និង F/A-18 Hornet នាពេលអនាគតខាងមុខថែមទៀត ស្របពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា កំពុងរៀបចំយន្តការ ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេស៕