(ប្រេស៊ីល)៖ រថយន្តមួយគ្រឿងត្រូវគេរាយការណ៍ថា បានបើកបំបុកខ្លោងទ្វារវិមានប្រធានាធិបតីប្រេស៊ីល ដែលស្ថិតនៅក្នុងរដ្ឋធានីប្រេស៊ីឡា ស្របពេលសម្ពាធតានតឹងកាន់តែបន្តរីករាលដាលខ្លាំងឡើងៗសម្រាប់លោក Michel Temers ដែលត្រូវបានគេទាមទារឲ្យចុះចេញពីតំណែង ជាមេដឹកនាំប្រទេសអាមេរិកឡាទីនមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលផ្ទាល់ កងកម្លាំងសន្តិសុខសម្រេចបាញ់កាំភ្លើង ដើម្បីបញ្ឈប់អ្នកបើកបររថយន្តនោះ ដែលក្រោយមកក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន។ ឃ្លីបវីដេអូមួយបានបង្ហាញឲ្យឃើញ ពីខ្លោងទ្វារនៃវិមានប្រធានាធិបតីប្រេស៊ីល រួមជាមួយនិងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ យ៉ាងណាមិញលោក Temers ពុំបានមានវត្តមាននៅទីនោះវិមានប្រធានាធិបតី Alvorada Palace នាពេលកើតហេតុនោះឡើយ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះចៅក្រមមួយរូបនៃតុលាការកំពូល បានផ្ញើពាក្យបណ្តឹងពុករលួយមួយប្រឆាំងនឹង លោក Temers ទៅកាន់សភាប្រេស៊ីល ជាវាអាចនឹងបណ្តាលឲ្យលោកប្រធានាធិបតី ត្រូវដកចេញពីតំណែង ហើយប្រឈមមុខនឹងតុលាការ។ មេដឹកនាំប្រេស៊ីលរូបនេះ ត្រូវបានគេចោទប្រកាន់ថា បានរៀបចំទទួលប្រាក់សំណូករាប់លានដុល្លារ ពីក្រុមហ៊ុនកែច្នៃសាច់មួយកន្លែង។ ទោះបីជាបែបនេះក្តីលោក Temers បានបដិសេធចោលការចោទប្រកាន់ទាំងអស់ ខណៈសភាជាន់ទាបប្រេស៊ីល ត្រូវគេរំពឹងថា នឹងធ្វើការបោះឆ្នោតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខថា តើនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី ប្រឈមមុខនឹងការឡើងតុលាការដែរ ឬយ៉ាងណា៕