(វ៉ាស៊ីនតោន)៖ សភាអាមេរិកកំពុងតែគិតពិចារណាអំពីការហាមឃាត់ អ្នកទេសចរអាមេរិកនានា មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនោះឡើយ បន្ទាប់ពីមរណៈភាពរបស់និស្សិតវ័យក្មេង Otto Warmbier ដែលបានជាប់គុក ១៧ខែនៅកូរ៉េខាងជើង និងបានទទួលមរណៈភាពក្រោយពីកូរ៉េខាងជើងបានដោះលែងរូបគេ ត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
គណកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក នឹងធ្វើការអនុម័តច្បាប់មួយនៅដើមខែក្រោយ ដែលស្នើដោយក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសាធាណរដ្ឋ ដឹកនាំដោយលោក Adama Schiff។ កន្លងមកពលរដ្ឋអាមេរិកដែលចង់ធ្វើដំណើរទៅកូរ៉េខាងជើង ត្រូវតែទទួលការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកជាមុនសិន។ ដោយឡែកលោក Ed Royce តំណាងរាស្ត្របក្សប្រជាធិបតេយ្យ និងជាប្រធានគណកម្មាធិការ គ្រប់គ្រងការធ្វើដំណើរទៅកូរ៉េខាងជើង ក៏បានសម្តែងគាំទ្រផងដែរ ចំពោះច្បាប់ ឬបម្រាមថ្មី ដែលនឹងត្រូវអនុម័តខាងលើនេះ។
គួរបញ្ជាក់ថា និស្សិតអាមេរិក Otto Warmbier ដែលត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាព ក្នុងស្ថានភាពជាមនុស្សរុក្ខជាតិ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលជាង១៧ខែ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។ ក្រុមគ្រួសារបស់និស្សិតរូបនេះ បានបញ្ជាក់ដូច្នេះថា វារឿងជាអកុសល ដោយសារតែគ្មានការព្យាបាលត្រឹមត្រូវ និងទទួលរងនូវអំពើសាហាវ ឃោឃៅនៅកូរ៉េខាងជើង កូនប្រុសជាទីស្រឡាញ់របស់យើង បានទទួលមរណៈភាព។
និស្សិតអាមេរិក Otto Warmbier មានអាយុ ២២ឆ្នាំ បានត្រឡប់ទៅដល់ទីក្រុង Cincinnati នៃរដ្ឋ Ohio កាលពីថ្ងៃទី១៣ ខែមិថុនា ដោយរូបគេស្ថិតនៅក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹងមិនដឹងខ្លួន រីឯខាង កូរ៉េខាងជើងបានអះអាងថា និស្សិតរូបនេះមានជំងឺផ្នែកប្រព័ន្ធប្រសាទ Botulism ហើយការដោះលែងនេះទៀតសោត ធ្វើឡើងផ្អែកលើគោលការណ៍មនុស្សធម៌។
គួររំលឹកថា Otto Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីឆ្នាំ២០១៦ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទដែលទីក្រុងព្យុងយ៉ាងចោទថា និស្សិតវ័យក្មេងរូបនេះមានចេតនា ផ្ដួលរំលំរដ្ឋាភិបាលលោក គីម ជុងអ៊ុន ខណៈមកទល់នឹងពេលនេះ នៅសល់ពលរដ្ឋអាមេរិក០៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅកូរ៉េខាងជើង៕