(ម៉ូស្គូ)៖ កងទ័ពជើងទឹក​នៃប្រទេសរុស្ស៊ី​បានប្រកាសឲ្យដឹងថា ខ្លួនកំពុងរៀបចំគម្រោង​ដើម្បីស្ថាបនា​ នាវាដឹកយន្តហោះចម្បាំងថ្មី​​មួយ​គ្រឿង​​​ថែមទៀត ដើម្បី​ឲ្យធ្វើជាដៃ​គូជាមួយនាវា​ដឹកយន្តហោះ​ចម្បាំង Admiral Kuznetsov។ នេះបើតាម​សម្តីរបស់​លោក​ឧត្តម​នាវីទោ Viktor Bursuk ដកស្រង់​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

លោក Bursuk បានថ្លែង​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា «កងទ័ពជើងទឹក​របស់យើង នឹងធ្វើការកសាង​នាវាដឹក​យន្តហោះចម្បាំង​ថ្មីមួយ​ទៀត»​។ ជាមួយគ្នានោះ​លោកឧត្តមនាវីទោរូបនេះ​បានបន្ថែមថា មជ្ឈមណ្ឌល​ស្រាវជ្រាវរដ្ឋ Krylov បានដាក់ជូន​នូវគំរូនៃនាវា​ដឹកយន្តហោះចម្បាំង​នេះ​ហើយ ខណៈការរចនា​មួយចំនួន​បន្ថែមទៀត ក៏កំពុងស្ថិតក្រោម​ការពិចារណាផងដែរ។ ម៉្យាងវិញទៀត​លោក Bursuk បានបង្ហើប​ឲ្យដឹងទៀតថា ការធ្វើទំនើបកម្ម​ទៅលើនាវាដឹកយន្តហោះ​ចម្បាំង Admiral Kuznetsov ជានាវាដឹក​យន្តហោះចម្បាំង​ កំពុងដំណើរការតែមួយ​គត់​របស់​កង​ទ័ពជើង​ទឹករុស្ស៊ីនោះ នឹងចាប់ផ្តើមនៅ​ក្នុងឆ្នាំ២០១៨។

គួរបញ្ជាក់ថា ប្រទេសដែល​មាននាវាដឹក​យន្តហោះចម្បាំង​ច្រើនគេបំផុតនោះ​ គឺគ្មាននរណា​ក្រៅពីសហរដ្ឋអាមេរិក​នោះឡើយ ដែលមាន​​១០គ្រឿងកំពុងដំណើរការនាពេលបច្ចុប្បន្ន ខណៈចិន និងអ៊ីតាលី​សុទ្ធតែមាន​ពីរគ្រឿង ហើយបារាំង ឥណ្ឌា អេស៉្បាញ ថៃ និងរុស្ស៊ីមានតែម្នាក់មួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែក៏ជាភាពអស្ចារ្យផងដែរ សម្រាប់បណ្តាប្រទេសតែជាង ១០ប៉ុណ្ណោះលើលោក ដែលមាននាវាប្រភេទនេះដំណើរការ៕