ទីក្រុងបាងកករបស់ថៃ «នឹងមានអគារកម្ពស់កប់ពពក ជិតកន្លះគីឡូម៉ែត្រ» ខណៈទើបទទួលបាន ការអនុញ្ញាតសាងសង់ពីរដ្ឋាភិបាល!
28-06-2017 16:21
(បាងកក)៖ គណរដ្ឋមន្ត្រីរបស់ប្រទេសថៃ បានអនុម័តទៅលើគំរោងសាងសង់អគារនិមិត្តរូបទីក្រុងបាងកក ដែលមានតម្លៃ ៤.៦ពាន់លានបាត (១៣៥លានដុល្លារអាមេរិក) នៅតំបន់មាត់ទន្លេចៅប្រាយ៉ា នៅទល់មុខគ្នានឹងសណ្ឋាគារ Mandarin Original។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
អគារដែលគ្រោងសាងសង់ ក្រោយពីទើបទទួលបានការអនុញ្ញាតខាងលើនេះ មានឈ្មោះថា Bangkok Observation Tower ដែលមានកម្ពស់ ៤៥៩ម៉ែត្រ នឹងក្លាយជាអគារដែលខ្ពស់បំផុតក្នុងទីក្រុងបាងកក និងតំបន់អាស៊ានទាំងមូល។ គំរោងសាងសាង់អគារនេះត្រូវបានដាក់ចេញ កាលពីខែធ្នូ ឆ្នាំ២០១៦ ដើម្បីក្លាយជានិមិត្តរូបថ្មីនៃទីក្រុងបាងកក ប៉ុន្តែការសាង់សង់ជាផ្លូវការមិនទាន់ដឹងថា នឹងត្រូវចាប់ផ្តើមនៅពេលណានោះទេ។
ទោះបីជានៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលថៃបានអនុម័តអនុញ្ញាតឲ្យសាងសង់អគារកម្ពស់ ៤៥៩ម៉ែត្រនោះក៏ដោយ ក៏សាធារណៈជននៅតែព្រួយបារម្ភថា នឹងអាចមានការពន្យាពេលបន្ថែមទៀត ក្នុងការសាងសង់។ សម្រាប់ Bangkok Observation Tower នឹងត្រូវធ្វើជាសារៈមន្ទីរ ដើម្បីតម្កល់ជីវៈប្រវត្តិ និងរាជកិច្ចទាំងឡាយ ដែលត្រូវបានកសាងដោយអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុល យ៉ាដេត និងជាទីកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងបាងកក កាន់តែច្រើនឡើង៕