(ប៉េកាំង)៖ នាវាពិឃាតជំនាន់ថ្មីផលិតនៅក្នុងស្រុក ឬ Made In China របស់ចិនមានទម្ងន់ ១០,០០០តោន ត្រូវបានដាក់បង្ហាញឱ្យប៉ះផ្ទៃទឹកហើយ នៅថ្ងៃពុធនេះនៅឯការដ្ឋានសាងសង់ និងជួសជុលនាវានៃក្រុមហ៊ុន Jiangnan Shipyard ក្នុងទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមស៊ិនហួរ នាវាពិឃាតនេះគឺជានាវាពិឃាតជំនាន់ថ្មីដំបូងបង្អស់របស់ចិន ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារដែនអាកាសថ្មី, មីស៊ីលប្រឆាំងមីស៊ីល, មីស៊ីលប្រឆាំងនាវា និងមីស៊ីលប្រឆាំងនាវាមុជទឹក។ មិនតែប៉ុណ្ណោះនាវាពិឃាតនេះ ក៏នឹងក្លាយជាចំណុចចាប់ផ្ដើមដ៏សំខាន់ នៃការអភិវឌ្ឍប្រព័ន្ធអាវុធ និងការធ្វើទំនើបកម្មនៃកងនាវាចម្បាំងចិនផងដែរ ខណៈទីក្រុងប៉េកាំង កំពុងមានជម្លោះដែនទឹកជាមួយបណ្ដាប្រទេសជិតខាង នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលនាវាពិឃាតអាមេរិក តែងតែដឹកនាំការធ្វើសកម្មភាពល្បាត។
សម្រាប់ចិននេះអាចជាជោគជ័យ និងជារឿងដ៏គួរឱ្យរីករាយ ក៏ប៉ុន្តែវាអាចជាដំណឹងអាក្រក់ សម្រាប់ប្រទេសជាភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ដូចជាហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ពីព្រោះចិនមុខជានឹងប្រើប្រាស់នាវាពិឃាតនេះ នៅក្នុងបេសកកម្មពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ជម្លោះ៕