(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ បានចុះត្រួតពិនិត្យសព្វាវុធ និងគ្រឿងយន្តថ្មីៗរបស់ប្រទេសរុស្ស៊ី រួមមានទាំងកាំភ្លើង, រថពាសដែក, និងយន្តហោះចម្បាំងជាដើម នៅឯមូលដ្ឋានទ័ពអាកាស Hmeymmin ដែលស្ថិតក្រោមប្រតិបត្តិការរបស់រុស្ស៊ី នៅភាគខាងត្បូងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមរូបភាពជាច្រើនសន្លឹក ដែលចេញផ្សាយដោយក្រុមការងារព័ត៌មានរបស់លោក អាស្សាដ ផ្ទាល់ លោកប្រធានាធិបតីស៊ីរី បានធ្វើការត្រួតពិនិត្យទៅលើប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះ Pantsir-S, យានជំនិះដឹកជញ្ជូនកងទ័ព GAZ Tigr, រថពាសដែក BMPT Terminator, និងយន្តហោះចម្បាំងធុន Sukhoi Su-35។ លើសពីនេះរូបភាពមួយចំនួនក្នុងចំណោមនោះ បានបង្ហាញពីសកម្មភាពរបស់លោក អាស្សាដ ស្ថិតនៅក្នុងកន្លែងបញ្ជាបើកបរ នៃយន្តហោះចម្បាំង Su-35 ថែមទៀតផង។
គួរបញ្ជាក់ថា ក្រៅពីសព្វាវុធធុនធ្ងន់ទាំងអស់នេះ លោកប្រធានាធិបតីស៊ីរី ក៏ត្រូវបានគេបង្ហាញអំពី សព្វាវុធធុនស្រាលជំនាន់ថ្មីមួយចំនួនរបស់រុស្ស៊ីផងដែរ រួមមានកាំភ្លើងផ្លោងគ្រាប់បែកស្វ័យប្រវត្តិ AGS-17 និងអាវុធប្រឆាំងនឹងរថក្រោះ RPG-7 ក៏ដូចជាគំរូនៃសម្លៀកបំពាក់ និងបរិក្ខាសម្រាប់ប្រយុទ្ធផ្សេងៗទៀតរបស់កងទ័ពផងដែរ។ ប្រទេសស៊ីរីគឺជាសម្ព័ន្ធមិត្ត ដែលរុស្ស៊ីមិនអាចបោះបង់បាន បើទោះបីជាតម្លៃណាក៏ដោយ ហើយរុស្ស៊ីក៏តែងតែរងសម្ពាធពីអន្តរជាតិ និងអាមេរិកជាច្រើនដងរួចមកហើយ ដោយសារតែការគាំទ្ររបប អាស្សាដ នេះ៕