(បរទេស)៖ នាពេលថ្មីៗនេះ ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក NASA បានបញ្ចេញវីដេអូថ្មីមួយ ដែលបង្ហាញពីទំហំនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវរបស់ខ្លួន នៅលើភពអង្គារ (Mars) ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
យានមួយចំនួនរបស់អង្គការ NASA បានបន្តធ្វើការសិក្សាស្រាវជ្រាវ ទៅលើភពក្រហមនេះដោយឥតឈប់ឈរចាប់តាំងតែពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩៧មកម្ល៉េះ នៅពេលដែលយានបេសកកម្ម Pathfinder បានចុះចតនៅទីនោះ។ ការចុះទៅដល់ភពអង្គាររបស់ Pathfinder បានកត់សម្គាល់ជោគជ័យលើកទីមួយរបស់អង្គការ NASA នៅ Mars បន្ទាប់ពីយាន Viking 1 និង Viking 2 បានទៅដល់ភពក្រហមនេះកាលពីឆ្នាំ១៩៧៥។ ម៉្យាងវិញទៀតមកទល់បច្ចុប្បន្ន យាននិងផ្កាយរណបចំនួន០៨ផ្សេងទៀត ក៏បានដើរតាមជំហានរបស់យាន Pathfinder ផងដែររួមមានទាំងយាន Spirit, Opportunity, និង Curiosity។
NASA បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើគ្មានយាន Pathfinder វាក៏ពុំមានយាន Spirit និង Opportunity នោះឡើយ ហើយបើសិនជាមិនដោយសារយាន Spirit និង Opportunity យាន Curiosity ក៏ពុំមានដែរ»។ យាន Spirit និង Opportunity បានជាន់លើផ្ទៃដីរបស់ភពអង្គារកាលពីខែមករា ឆ្នាំ២០១៤ ក្នុងដំណើរបេសកកម្មរយៈពេលបីខែ ដើម្បីស្វែងរកសញ្ញាដែលអាចបង្ហាញថា វត្តមានទឹកធ្លាប់ហូរកាត់នៅលើភពមួយនេះ ហើយយានរ៉ូបូតកង់០៦ទាំងពីរនេះ ក៏បានរកឃើញភស្តុតាងជាច្រើន និងបន្តធ្វើប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំថែមទៀត។ យាន Spirit នៅទីបំផុតបានឈប់ដំណើរការ កាលពីឆ្នាំ២០១០ ខណៈយាន Opportunity នៅតែមានលក្ខណៈរឹងមាំដដែលមកទល់សព្វថ្ងៃនេះ។
ទន្ទឹមនឹងនេះយាន Curiosity ដែលមានទំហំប៉ុនរថយន្តធម្មតាមួយគ្រឿងនោះ បាននិងកំពុងធ្វើដំណើរនៅជុំវិញរណ្តៅដ៏ធំមហិមា Gale Crater របស់ភពអង្គារ ចាប់តាំងពីខែសីហា ឆ្នាំ២០១២មក។ ការអង្កេតអស់រយៈពេលជាច្រើនឆ្នាំមកនេះរបស់ Curiosity បានផ្តល់តំរុយថា រណ្តៅយក្សនេះ ធ្លាប់ជាទីជម្រកនៃប្រព័ន្ធបឹង និងទន្លេរាប់ពាន់ម៉ែត្រកាលពីអតីតកាល ខណៈបច្ចុប្បន្នវាកំពុងធ្វើការស្រាវជ្រាវ នៅលើជម្រាលភ្នំ Mount Sharp ដែលមានកម្ពស់ ០៥គីឡូម៉ែត្រ ដើម្បីតាមរុករកតំរុញបង្ហាញពីមូលហេតុ ដែលបានបណ្តាលឲ្យភពអង្គារប្រែប្រួលពីភពមួយដែលធ្លាប់តែក្តៅហើយសើមនោះ ក្លាយមកជាភពដែលត្រជាក់ និងស្ងួតហែងដូចសព្វថ្ងៃនេះទៅវិញ។
ក្រៅពីយានទាំងប៉ុន្មានខាងលើ រ៉ូបូតដទៃទៀតរបស់ទីភ្នាក់ងារអវកាស NASA ដែលបានទៅដល់ភពអង្គារ ក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅនេះ រួមមានផ្កាយរណប Mars Global Surveyor, Mars Odyssey, Mars Reconnaissance Orbiter (MRO), MAVEN, និងយាន Phoenix។ ដោយឡែកយានអវកាសពីរផ្សេងទៀតគឺផ្កាយរណប Mars Climate Orbiter និង យាន Mars Polar Lander ក៏បានបញ្ជូនទៅកាន់ភពអង្គារផងដែរ ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ ក៏ប៉ុន្តែបានទទួលបរាជ័យ ក្នុងពេលធ្វើដំណើរឆ្ពោះទៅគោលដៅរបស់ពួកវា។
ផ្កាយរណប Mars Global Surveyor, Mar Odyssey, MRO, និង MAVEN បានទៅដល់ភពអង្គារកាលពីខែកញ្ញា ឆ្នាំ១៩៩៧, ខែតុលា ឆ្នាំ២០០១, ខែមីនា ឆ្នាំ២០០៦, និងខែកញ្ញា ឆ្នាំ២០១៤ តាមលំដាប់។ រីឯយាន Phoenix បានចុះចតនៅលើផ្ទៃដីនៃភពក្រហមនេះ កាលពីខែឧសភា ឆ្នាំ២០០៨។
គួរបញ្ជាក់ថា ផ្កាយរណប Odyssey, MRO, និង MAVEN រួមជាមួយយាន Opportunity និង Curiosity នៅតែបន្តដំណើរការជាធម្មតា មកទល់ពាក់កណ្តាលឆ្នាំ២០១៧នេះ និងបានបំពេញបេសកកម្មជាច្រើន ឲ្យបណ្តាទីភ្នាក់ងារអវកាសដទៃផ្សេងទៀត រួមមានបេសកកម្ម Mars Express Orbiter របស់អឺរ៉ុប, Mars Orbiter Mission របស់ឥណ្ឌា, និង ExoMars Trace Gas Orbiter របស់អឺរ៉ុប-រុស្ស៊ី។ ជាមួយគ្នានេះ អង្គការ NASA ក៏គ្រោងនឹងបញ្ជូនយានបេសកកម្មចំនួនពីរបន្ថែមទៀតទៅកាន់ភពអង្គារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ ដោយបេសកកម្មទាំងពីរនោះគឺយានចុះចត InSight ក្នុងឆ្នាំ២០១៨ និងយានរ៉ូវើដូចទៅនឹងយាន Curiosity នៅក្នុងឆ្នាំ២០២០៕