(ការ៉ាកាស់)៖ មនុស្សមួយក្រុម​ដែលបានដឹកនាំ​ការវាយប្រហារ​ តាមឧទ្ធម្ភាគចក្រ​ប៉ូលិសមួយគ្រឿង លើអគារតុលាការកំពូល​វេណេស៊ុអេឡា បានអំពាវនាវ​ឱ្យលោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ លាលែង​ពីតំណែងជា​បន្ទាន់ និងរៀបចំការ​បោះឆ្នោតជាថ្មី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុកក៏បានរាយការណ៍​ដែរថា ក្រុមមនុស្សទំាងនេះ បានលួចឧទ្ធម្ភាគចក្រ​ប៉ូលិស ដើម្បីបើកការវាយប្រហារ​លើអគារតុលាការ​កំពូល ដោយពួកគេ​ថែមទំាង​បានអំពាវនាវ នៅក្នុងវីដេអូ​មួយយ៉ាងដូច្នេះថា « (លោកប្រធានាធិបតី) នីកូឡាស់ ម៉ាឌូរ៉ូ! យើងស្នើឱ្យអ្នក និងរដ្ឋមន្ត្រី​របស់អ្នកលាលែងពី​តំណែងជាបន្ទាន់ ព្រមទំាងរៀបចំ​ការបោះឆ្នោតជាថ្មី»។ ប៉ុន្តែទន្ទឹមគ្នា​នោះដែរ ខាងអាជ្ញរធរ​មិនបានបញ្ជាក់​លម្អិតទេថា ក្រុមមួយនេះ​ប្រើវិធីសាស្រ្ដអ្វី​លួចឧទ្ធម្ភាគចក្រ ប៉ូលិស។

តុលាការកំពូល​វេណេស៊ុយអេឡា​លម្អៀងទៅរក​រដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ត្រូវបាន​ក្រុមប្រឆាំង​ស្អប់ជាខ្លាំង សម្រាប់ការសម្រេចចិត្ត​ជាបន្តបន្ទាប់​ ក្នុងការបង្កើនអំណាច​ប្រធានាធិបតី កំពុងធា្លក់ប្រជាប្រិយភាពរូបនេះ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នសភា ដែលគ្រប់គ្រង​ដោយគណបក្សប្រឆាំង។ ដោយឡែក ថ្លែងនៅក្នុង​កញ្ចក់ទូរទស្សន៍រដ្ឋ ប្រធានាធិបតី​វ័យ៥៤ឆ្នាំ លោក ម៉ាឌូរ៉ូ ដែលកំពុង​ប្រឈមមុខ​នឹងការបាតុកម្ម​តវ៉ាទូទំាង​ប្រទេស​ ឱ្យលោកចុះចេញ​ពីតំណែង​បានគូសបញ្ជាក់​ដូច្នេះថា « កងកម្លាំង​ពិសេសរដ្ឋាភិបាល​ បានទៅដល់​កន្លែងកើត​ហេតុភ្លាមៗ បន្ទាប់ពីពួក​ភេរវករបើក​ការវាយប្រហារ​លើអគារតុលាការ​កំពូល... ឧទ្ធម្ភាគចក្រ​របស់ពួកគេ ក៏បានហោះពី​លើអគារក្រសួង​មហាផ្ទៃផងដែរ។ ដូច្នេះខ្ញុំស្នើ​ឱ្យក្រុមប្រឆាំង ថ្កោលទោស​ចំពោះការ​វាយប្រហារនេះ»

គួរបញ្ជាក់ថា ក្រោយពីមានការវាយប្រហារនេះ លោក នីកូឡាស ម៉ាឌូរ៉ូ បានព្រមានថា លោក និងអ្នកគាំទ្រ​រូបលោកអាចនឹងនាំ​គ្នាកាន់អាវុធ បើសិនជា​រដ្ឋាភិបាល​របស់លោកត្រូវបាន ធ្វើរដ្ឋប្រហារ​ដោយក្រុមប្រឆាំង​ ដែលបាននិង​កំពុងធ្វើ​បាតុកម្មតវ៉ា ចាប់តាំងពី​ខែមេសាមក ខណៈចំនួនអ្នក​ស្លាប់នៅក្នុង​អំពើហិង្សា​រវាង​ក្រុមបាតុករ និងប៉ូលិស​កើនដល់ ៧៥នាក់។ «ខ្ញុំកំពុងនិយាយ​ប្រាប់​ពិភពលោក ហើយខ្ញុំក៏សង្ឃឹម​ដែរថា ពិភពលោក​នឹងស្ដាប់យល់​ថា បន្ទាប់ពី៩០ថ្ងៃ​នៃបាតុកម្មតវ៉ា គឺមានការ​បំផ្លិចបំផ្លាញ និងមនុស្សជា​ច្រើននាក់​បានស្លាប់... បើ​សិនជាវេណេស៊ុយអេឡាធ្លាក់ចូលក្នុងភាពវឹកវរ និងអំពើហិង្សា យើងនឹងនំាគ្នា​កាន់អាវុធដើម្បីប្រយុទ្ធ និងមិនអត់ឱន​ ឬក៏ចុះចាញ់ជាដាច់ខាត ហើយបើអ្វីៗ​មិនអាច​ដោះស្រាយតាម ការបោះឆ្នោត យើងនឹងដោះស្រាយ​វាជាមួយអាវុធ យើងនឹងរំដោះ​ប្រជាជាតិរបស់យើង​ជាមួយអាវុធ»។ នេះគឺជាការព្រមាន​របស់លោក ម៉ាឌូរ៉ូ៕