(តូក្យូ)៖ ក្រុមតំណាងរាស្រ្តនៅក្នុងប្រទេសជប៉ុន បានមូលមតិគ្នានាពេលថ្មីៗនេះ ក្នុងការផ្តួចផ្តើមប្រតិបត្តិការតាមផ្លូវទឹកមួយ ដើម្បីតាមរឹបអូសយកទំនិញពីគ្រប់កប៉ាល់ទាំងអស់ ដែលទំនងជាអាចត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់ កម្មវិធីអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
បទបញ្ញតិថ្មីនេះនឹងអនុញ្ញាតឲ្យអាជ្ញាធរ ធ្វើការឆែកឆេរបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយជាងមុន ទៅលើទំនិញនានា ដែលដឹកជញ្ជូនឆ្ពោះទៅកាន់កំពង់ផែរបស់ប្រទេសកូរ៉េខាងជើង ហើយប្រការនេះក៏អាចបន្ថែមភាពតឹងរ៉ឹងថែមទៀត ទៅលើទណ្ឌកម្មមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលដាក់ប្រឆាំងទៅលើកម្មវិធីអភិវឌ្ឍន៍អាវុធប្រល័យលោក របស់របបដឹកនាំទីក្រុងព្យុងយ៉ាងផងដែរ។ វានឹងផ្តល់ឲ្យក្រុមសមត្ថកិច្ច ចុះធ្វើអធិការកិច្ចក្នុងឱកាសច្រើនជាងមុន ដើម្បីដាក់បំរាមលើការដឹកជញ្ជូនទំនិញគ្រប់បែបយ៉ាង ដែលអាចត្រូវយកទៅប្រើប្រាស់សម្រាប់កម្មវិធីមីស៊ីល-នុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បទបញ្ញតិនាពេលបច្ចុប្បន្ន ចាត់វត្ថុប្រមាណ១០០ប្រភេទ ដែលពុំអនុញ្ញាតឲ្យធ្វើការដឹកជញ្ជូនចូលទៅកាន់កូរ៉េខាងជើងនោះឡើយ ដោយសារតែពួកវាប្រហែលជាត្រូវប្រើប្រាស សម្រាប់ការផលិត ធ្វើតេស្ត ឬស្រាវជ្រាវ គ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ ភាពចន្លោះប្រហោងរបស់វានោះគឺថា វិធានការនេះបានផ្លាស់ប្តូរកម្រិតលំហូរនៃទំនិញទាំងអស់នោះ តែមិនអាចកែប្រែគោលដៅរបស់ពួកវាបាននោះឡើយ ហើយមន្រ្តីរបស់ទីក្រុងព្យុងយ៉ាង និងបណ្តាដៃគូពាណិជ្ជកម្មរបស់ពួកគេ បានសម្របខ្លួនយ៉ាងឆាប់រហ័សទៅតាមក្បួនច្បាប់នេះ។ ពួកគេបានចាប់ផ្តើមបំបែកសព្វាវុធ និងវត្ថុហាមឃាត់ដទៃទៀតជាផ្នែកៗ ហើយបញ្ជូនពួកវាក្នុងទម្រង់ជាផ្នែក ឬជាវត្ថុធាតុដើម ដើម្បីបញ្ជៀសការដកហូត និងរឹបអូស៕