(ដាម៉ាស់)៖ យន្តហោះចម្បាំងរបស់ក្រុមសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការក្តៅគគុក ដោយទម្លាក់គ្រាប់បែកទៅលើពន្ធនាគារមួយកន្លែង នៅភាគខាងកើតប្រទេសស៊ីរី ដែលត្រូវបានកាន់កាប់ដោយបណ្តាញភេរវករ ISIS បានបណ្តាលឲ្យមនុស្ស ៥៧នាក់ស្លាប់ ក្នុងនោះភាគច្រើនជាជនស៊ីវិលតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង់គ្លេស ប្រចាំប្រទេសស៊ីរីបាននិយាយថា ការវាយប្រហារនោះបានកើតមានឡើងតាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមកម្ល៉េះ ដោយគ្រាប់បែកបានធ្លាក់ទៅលើពន្ធនាគារ Mayadin ស្ថិតនៅភាគខាងត្បូងទីក្រុង Raqqa នៃភាគខាងកើតប្រទេសស៊ីរី។ ប្រធានក្រុមអ្នកឃ្លាំមើលខាងលើ គឺលោក Rami Abdel Rahman បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «ការវាយប្រហារ ត្រូវបានធ្វើឡើងទៅលើអគារ Mayadin ដែលត្រូវបានក្រុមភេរវករ ISIS យកធ្វើជាគុក ដោយបានបណ្តាលឲ្យទណ្ឌិតចំនួន ៤២នាក់ និងក្រុមសកម្មប្រយុទ្ធជីហាដ ១៥នាក់ បាត់បង់ជីវិត»។
គួរបញ្ជាក់ថា សម្រាប់ទណ្ឌិតទាំង ៤២នាក់នោះ គឺភាគច្រើនជាជនស៊ីវិល ដែលត្រូវបានក្រុម ISIS ពង្រត់យកពីក្រុមកងកម្លាំងស៊ីរីសេរី FSA ដើម្បីទុកធ្វើជាខែលការពារខ្លួន។ ប្រសិនបើមានការបញ្ជាក់ជាផ្លូវការបន្ថែមទៀតនោះ វាប្រាកដណាស់ថាការវាយប្រហារខាងលើនេះ គឺជាការបង្កឲ្យមានមនុស្សស្លូតត្រង់ស្លាប់ច្រើនជាងគេបំផុតនៅក្នុងសង្គ្រាមប្រទេសស៊ីរី ចាប់តាំងពីការលូកដៃរបស់អាមេរិកពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន៕