(ម៉ូស្គូ)៖ ប្រសិនបើមានការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការចាកចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ INF វានឹងធ្វើឱ្យសម្ព័ន្ធមិត្តនានាក្នុងអង្គការណាតូជួបគ្រោះថ្នាក់ ព្រមទំាងបង្កើនការផលិតអាវុធកាន់តែច្រើនឡើង នៅក្នុងតំបន់អឺរ៉ុបខាងកើតតែប៉ុណ្ណោះ ខណៈដែលរុស្ស៊ីក៏នឹងបង្កើនឥទ្ធិពលនៃការអភិវឌ្ឍសព្វាវុធនានា ព្រមពេលជាមួយគ្នានោះដែរ។ នេះបើតាមការលើកឡើងរបស់សហជ័យលាភី នៃពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ១៩៨៥ លោកស្រីបណ្ឌិត Helen Caldicott ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោកស្រី Helen Caldicott ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃចន្ទកន្លងទៅបានរាយការណ៍ថា ក្រុមសមាជិកសភាអាមេរិក បានបញ្ជូនសំណើមួយទៅកាន់សេតវិមាន ដោយជម្រុញឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ យកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ INF ដែលទីក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី នៅឆ្នាំ១៩៨៧។
លោកស្រី Helen Caldicott នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បាននិយាយយ៉ាងដូច្នេះថា «បើដើម្បីក្ដីស្រឡាញ់ពីព្រះជាម្ចាស់ ហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនទទួលខុសត្រូវលើអាកប្បកិរិយាបង្ករឿងរបស់ខ្លួន? (...) ត្បិតការដកខ្លួនចេញពីសន្ធិសញ្ញា INF វាមានតែធ្វើឱ្យសម្ព័ន្ធមិត្តអង្គការណាតូ ប្រឈមមុខនឹងគ្រោះថ្នាក់ រីឯបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត អាចនឹងនំាគ្នាបង្កើនការផលិតអាវុធ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ី ដែលនេះហើយនឹងជំរុញឱ្យទីក្រុងម៉ូស្គូ ចាត់វិធានការឆ្លើយតបវិញ ជាមួយនឹងការខិតខំអភិវឌ្ឍន៍អាវុធរបស់ខ្លួន ឱ្យកាន់តែខ្លាំងថែមទៀត»។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីការដកខ្លួនចេញពីសន្ធិសញ្ញា INF ធ្វើឡើងនៅក្នុងបរិបទដែលសហរដ្ឋអាមេរិក កំពុងត្រូវបានដឹកនាំដោយអតីតអ្នកជំនួញដ៏ល្បីម្នាក់គឺ លោក ដូណាល់ ត្រាំ ពោលគឺគ្រាន់តែរយៈពេលជាង៦ខែ នៃការឡើងកាន់អំណាចរបស់លោក ទីក្រុងវ៉ាស៊ីនតោនអាចលក់អាវុធចេញឱ្យអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃជាង១១០ពាន់លានដុល្លារ និងលក់ឱ្យកាតាបានជាង១២ពាន់លានដុលា្លរនាពេលថ្មីៗនេះ៕