(តូក្យូ)៖ កងកម្លាំងស្វ័យការពារនៃប្រទេសជប៉ុន (JSDF) កំពុងរៀបចំបង្កើនសមត្ថភាពប្រយុទ្ធរបស់ យន្តហោះចម្បាំងធុន F-35 តាមរយៈការបំពាក់មីស៊ីលដ៏ទំនើប Joint Strike Missile (JSM) ដែលរចនាឡើងដោយក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធ Kongsberg Defence Systems របស់ប្រទេសន័រវេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងនាមជាកងកម្លាំងសម្រាប់តែការការពារខ្លួន JSDF តែងតែមានការស្ទាក់ស្ទើរចំពោះការទិញសព្វាវុធទំនើបៗដើម្បីទុកសម្រាប់ការវាយប្រហារ ក៏ប៉ុន្តែគោលជំហររបស់ទីក្រុងតូក្យូកំពុងតែផ្លាស់ប្តូរ ដោយសារតែការគំរាមកំហែងពោរពេញដោយសក្តានុពលជាច្រើន កំពុងលេចឡើងក្នុងតំបន់ឧបទ្វីបកូរ៉េ និងនៅសមុទ្រចិនខាងត្បូងក៏ដូចជាខាងកើត។ ចំណែកការបង្កើនសមត្ថភាពប្រយុទ្ធដល់យន្តហោះចម្បាំងធុន F-35 បែបនេះ គឺគ្រាន់តែជាការសម្រេចចិត្តជាធម្មតាមួយប៉ុណ្ណោះ សម្រាប់ជប៉ុននៅចំពោះមុខស្ថានការណ៍វិវឌ្ឍន៍ក្នុងតំបន់ដូចបច្ចុប្បន្ននេះ ហើយយោងតាមរដ្ឋាភិបាលទីក្រុងតូក្យូ រដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន ក៏ពុំរារាំងកងកម្លាំង JSDF មិនឲ្យវាយប្រហារទៅលើកងទ័ព និងមូលដ្ឋានយោធារបស់បរទេសទាំងស្រុងនោះដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Kongsberg បានរចនា និងអភិវឌ្ឍន៍មីស៊ីល JSM ដើម្បីធ្វើជាប្រព័ន្ធសព្វាវុធទំនើបទាន់សម័យមួយ សម្រាប់យន្តហោះចម្បាំង F-35 ថ្មីរបស់ប្រទេសន័រវេសផ្ទាល់ ហើយមីស៊ីលក៏ដូចជាគ្រាប់បែកនេះ មានសមត្ថភាពក្នុងបំពេញបេសកកម្មជាច្រើនប្រភេទ និងអាចប្រើប្រាសសម្រាប់វាយប្រហារទៅលើ គោលដៅដែលស្ថិតនៅរយៈចម្ងាយរហូតដល់ទៅ ៣០០គីឡូម៉ែត្រ៕