(ប៉េកាំង)៖ ក្រុមហ៊ុនប្រេងរដ្ឋដ៏ធំរបស់ចិន China National Petroleum Corp (CNPC) បានសម្រេចចិត្តផ្អាកការលក់ប្រេងឥន្ធនៈឱ្យកូរ៉េខាងជើង ដោយសារតែការព្រួយបារម្ភខ្លាចក្រែងលោប្រទេសនេះ គ្មានលទ្ធភាពបង់ប្រាក់ត្រឡប់មកវិញ ខណៈកំពុងជាប់ទណ្ឌកម្មស្ទើរជុំទិសពីសហគមន៍អន្តរជាតិ សម្រាប់ការរឹងទទឹងមិនព្រមបញ្ឈប់កម្មវិធីអភិវឌ្ឍមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ រំលោភ លើដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ នេះបើតាមប្រភពចំនួនបី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពដដែល ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា មកទល់នេះគេមិនទាន់ដឹងថា ការផ្អាកនេះនឹងមានរយៈពេលប៉ុន្មានខែ ឬឆ្នាំនៅឡើយទេ ក៏ប៉ុន្តែគ្រាន់តែគេដឹងថា វាអាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ ក៏ដូចជាការប្រើប្រាស់ប្រេងរបស់កូរ៉េខាងជើង ដែលនេះអាចនឹងបង្ខំឱ្យទីក្រុងព្យុងយ៉ាង ស្វែងរកអ្នកផ្គត់ផ្គង់ថ្មីជំនួសចិន នៅក្នុងករណីស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយបើសិនជារបបលោក គីម ជុងអ៊ុន សម្រេចចិត្តបែបនេះមែន នោះសម្ព័ន្ធភាពរវាងមិត្តទាំងពីរអាចនឹង ចាប់ផ្ដើមឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងៗ ដូចការចង់បានរបស់សហរដ្ឋអាមេរិកជាក់ជាមិនខាន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន CNPC និងក្រសួងពាណិជ្ជកម្មចិន បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយ រីឯក្រសួងការបរទេសចិន និងស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងប៉េកាំង ក៏បានបដិសេធដូចគ្នានេះដែរ ហើយម្យ៉ាងវិញទៀត គេមិនអាចនិយាយទុកមុនបានឡើយថា នឹងមានថ្ងៃដែលចិនព្រមបោះបង់ចោលកូរ៉េខាងជើង ខណៈទីក្រុងប៉េកាំង នៅតែត្រូវការរបបដឹកនាំលោក គីម ជុងអ៊ុន ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលយោធាអាមេរិកនៅក្នុងតំបន់៕