(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្ហាញខ្លួនជាសាធារណៈឡើងវិញ បន្ទាប់ពីបានបាត់មុខបាត់មាត់អស់រយៈពេលមួយសប្តាហ៍ និងមានលេចលឺពាក្យចចាមអារ៉ាម ក៏ដូចជាក្តីព្រួយបារម្ភថា រូបលោកមានបញ្ហាខុសភាពធ្ងន់ធ្ងរ ហើយទន្ទឹមនឹងនេះរដ្ឋាភិបាលហ្វីលីពីន ក៏បានធ្វើការបញ្ជាក់អះអាងផងដែរថា លោក ឌូតឺតេ ពុំបានជួបប្រទះបញ្ហាសុខភាពអ្វីនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចំណាយពេលប្រមាណ ២៥នាទី ដើម្បីធ្វើការថ្លែងសុន្ទរៈកថា មួយនៅឯវិមានប្រធានាធិបតី កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ហើយនាឱកាសនោះលោកក៏បាននិយាយវាយប្រហារធ្ងន់ធ្ងរៗ ទៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាម សម្រាប់ការដណ្តើមកាន់កាប់ក៏ដូចជាគ្រប់គ្រងដ៏បង្ហូរឈាម នៅក្នុងទីក្រុង Marawi ភាគខាងត្បូងប្រទេស ក៏ប៉ុន្តែលោក ឌូតឺតេ មិនបានលើកឡើងពាក់ព័ន្ធនឹងមូលហេតុ ដែលបានធ្វើឲ្យរូបលោកអវត្តមានអស់ជាច្រើនថ្ងៃ ពីក្រសែភ្នែកសាធារណៈជននោះទេ។
ដោយសារតែការបាត់មុខបាត់មាត់ខុសពីធម្មតារបស់ លោក ឌូតឺតេ ពាក្យចចាមអារ៉ាមក៏បានលេចឡើងថា សុខភាពរបស់លោកប្រធានាធិបតីហ្វីលីពីនវ័យ ៧២ឆ្នាំរូបនេះ កំពុងតែធ្លាក់ចុះដុនដាប ហើយរដ្ឋាភិបាលកំពុងព្យាយាមបិទបាំងរឿងនេះ។ ឆ្លើយតបទៅនឹងសំណួរពីក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធទៅនឹងការមិនបង្ហាញខ្លួនជាច្រើនថ្ងៃនេះរបស់ លោក ឌូតឺតេ អ្នកនាំពាក្យរបស់លោកគឺ លោក Ernesto Abella បានឲ្យដឹងថា លោក ឌូតឺតេ មានសុខភាពល្អដូចដើម និងកំពុងតែដឹកនាំប្រទេសជាតិតាមធម្មតា ដោយលោកប្រធានាធិបតីគ្រាន់តែរវល់បំពេញការងារដែលចាំបាច់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានគេឃើញជាលើកចុងក្រោយកាលពីថ្ងៃទី២០ ខែមិថុនា នៅក្នុងទីក្រុងចំនួនពីរ ដែលស្ថិតនៅជិតទីក្រុង Marawi ដើម្បីចុះសួរសុខទុក្ខពលទាហាន និងប្រជាជនដែលបានភៀសខ្លួន៕