(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបើកការវាយប្រហារលើអគារតុលាការកំពូល ក្នុងគោលបំណងដុតបញ្ឆេះបន្ថែមវិបត្តិនយោបាយបច្ចុប្បន្ន ក៏ប៉ុន្តែគ្រាប់បែកដែលបាញ់ចេញទៅលើអគារមិនបានផ្ទុះឡើយ ហើយមេដឹកនាំប្រទេសអាមេរិកឡាទីនរូបនេះ ក៏ព្រមានប្រើប្រាស់អាវុធទប់ទល់នឹងក្រុមប្រឆាំង ដែលប៉ុនប៉ងបង្ករដ្ឋប្រហារ ទម្លាក់រូបលោកចេញពីអំណាចផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
តុលាការកំពូលវេណេស៊ុយអេឡាលម្អៀងទៅរករដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ត្រូវបានក្រុមប្រឆាំងស្អប់ជាខ្លាំង សម្រាប់ការសម្រេចចិត្តជាបន្តបន្ទាប់ ក្នុងការបង្កើនអំណាចប្រធានាធិបតី កំពុងធា្លក់ប្រជាប្រិយភាពរូបនេះ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ ដោយឡែក ថ្លែងនៅក្នុងកញ្ចក់ទូរទស្សន៍រដ្ឋ ប្រធានាធិបតីវ័យ៥៤ឆ្នាំ លោក ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងការបាតុកម្មតវ៉ាទូទំាងប្រទេស ឱ្យលោកចុះចេញពីតំណែងបានគូសបញ្ជាក់ដូច្នេះថា « កងកម្លាំងពិសេសរដ្ឋាភិបាល បានទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីពួកភេរវករបើកការវាយប្រហារលើអគារតុលាការកំពូល... ឧទ្ធម្ភាគចក្ររបស់ពួកគេ ក៏បានហោះពីលើអគារក្រសួងមហាផ្ទៃផងដែរ។ ដូច្នេះខ្ញុំស្នើឱ្យក្រុមប្រឆាំង ថ្កោលទោសចំពោះការវាយប្រហារនេះ»។
គួរបញ្ជាក់ថា ក្រោយពីមានការវាយប្រហារនេះ លោក នីកូឡាស ម៉ាឌូរ៉ូ បានព្រមានថា លោក និងអ្នកគាំទ្ររូបលោកអាចនឹងនាំគ្នាកាន់អាវុធ បើសិនជារដ្ឋាភិបាលរបស់លោកត្រូវបាន ធ្វើរដ្ឋប្រហារដោយក្រុមប្រឆាំង ដែលបាននិងកំពុងធ្វើបាតុកម្មតវ៉ា ចាប់តាំងពីខែមេសាមក ខណៈចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សារវាងក្រុមបាតុករ និងប៉ូលិសកើនដល់ ៧៥នាក់។ «ខ្ញុំកំពុងនិយាយប្រាប់ពិភពលោក ហើយខ្ញុំក៏សង្ឃឹមដែរថា ពិភពលោកនឹងស្ដាប់យល់ថា បន្ទាប់ពី៩០ថ្ងៃនៃបាតុកម្មតវ៉ា គឺមានការបំផ្លិចបំផ្លាញ និងមនុស្សជាច្រើននាក់បានស្លាប់... បើសិនជាវេណេស៊ុយអេឡាធ្លាក់ចូលក្នុងភាពវឹកវរ និងអំពើហិង្សា យើងនឹងនំាគ្នាកាន់អាវុធដើម្បីប្រយុទ្ធ និងមិនអត់ឱន ឬក៏ចុះចាញ់ជាដាច់ខាត ហើយបើអ្វីៗមិនអាចដោះស្រាយតាម ការបោះឆ្នោត យើងនឹងដោះស្រាយវាជាមួយអាវុធ យើងនឹងរំដោះប្រជាជាតិរបស់យើងជាមួយអាវុធ»។ នេះគឺជាការព្រមានរបស់លោក ម៉ាឌូរ៉ូ៕