(សេអ៊ូល)៖ កូរ៉េខាងជើងដូចទម្លាប់ចាស់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះគោលនយោបាយ «America-first» ឬ«គិតផលប្រយោជន៍អាមេរិកមុនគេ» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រៀបបានទៅនឹង «របបណាហ្ស៊ីសហ៊ីត្លែរនាសតវត្សទី២១នេះ» ហើយថាសហរដ្ឋអាមេរិក កំពុងបង្ខំបណ្ដាប្រទេសដទៃបម្រើផលប្រយោជន៍ឱ្យខ្លួន។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
KCNA នៅក្នុងបទវិចារណកថាមួយ បានចាត់ទុកថាគោលនយោបាយរបស់លោក ដូណាល់ ត្រាំ គឺមានចរិកឈ្លានពាន និងជាតិនិយមជ្រុលប្រឆាំងនឹងប្រជាជាតិដទៃ ពោលគឺវា មិនខុសគ្នាឡើយទៅនឹងអ្វីដែលមេដឹកនាំផ្ដាច់ការណាហ្ស៊ីសហ៊ីត្លែរ ធ្លាប់បានធ្វើកាលពីអតីតកាល។ «វាគឺជាទស្សនអាមេរិកណាហ្ស៊ីសថ្មី មានលក្ខណៈផ្ដាច់ការជាងរបបហ្វាស៊ីស ទៅទៀតជាមួយនឹងកំណើតកាចសាហាវ ឃោឃៅ និងជាតិនិយមជ្រុល... ហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក មិនដែលបានទទួលស្គាល់សិទ្ធិឯករាជ្យភាព ការអភិវឌ្ឍន៍នៃបណ្ដា ប្រទេសផ្សេងទៀតនោះទេ ព្រោះតែប្រយោជន៍របស់ខ្លួន»។ នេះបើតាម KCNA។
គួរបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េទំនងជាអាចនឹងកើតឡើងជាថ្មីនៅក្នុងសប្ដាហ៍នេះ នៅពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បំពេញដំណើរទស្សនកិច្ចទៅជួប លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៩ និងទី៣០ ខែមិថុនា។ ទីក្រុងព្យុងយ៉ាង អាចនឹងយកឱកាសនេះបាញ់សាកល្បងមីស៊ីលផ្លោងដូចដែលខ្លួនធ្លាប់បានធ្វើ ជារឿយៗឱ្យតែមានជំនួបកំពូលរវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកំពុងប្រើប្រាស់វិធានការពីរក្នុងពេលតែមួយ មួយដាក់សម្ពាធជាអតិបរាម៉ា និងស្វែងរកកិច្ចចរចា ជាមួយកូរ៉េខាងជើង៕