(ព្រុចសែល)៖ ក្រុមឃ្លាំមើលទីផ្សារប្រកួតប្រជែងរបស់សហភាពអឺរ៉ុប (EU) បានសម្រេចពិន័យក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក Google ជាទឹកប្រាក់ចំនួន ២.៧២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយសារការល្មើសច្បាប់ស្តីពីការប្រកួតជ្រែង ទីផ្សារជុំវិញការផ្តល់សេវាកម្មលក់ទំនិញអនឡាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA TODAY នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ក្រុមនិយ័តកររបស់ EU បានឲ្យដឹងថា ក្រុមហ៊ុន Google បានប្រើប្រាស់ឥទ្ធិពលដែលខ្លួនមាន នៅលើទីផ្សារក្នុងនាមជា Search Engine ដ៏ពេញនិយម (វែបសាយសម្រាប់ស្វែងរកវែបសាយដទៃផ្សេងទៀត នៅលើបណ្តាញអ៊ីនធើណែត) មួយនោះ ក្នុងផ្លូវខុស តាមរយៈការផ្តល់អត្ថប្រយោជន៍មិនស្របច្បាប់មួយ ទៅឲ្យផលិតផល Google មួយផ្សេងទៀត ដែលជាសេវាលក់ទំនិញអនឡាញ។
គណៈកម្មការអឺរ៉ុបដែលជាអ្នកបង្កើត និងត្រួតពិនិត្យការអនុវត្តន៍តាមច្បាប់ប្រកួតប្រជែងរបស់ EU នោះ បានទុកពេលឲ្យក្រុមហ៊ុនអាមេរិកមួយនេះ រយៈពេលចំនួន៩០ថ្ងៃដើម្បីបញ្ឈប់ទង្វើនេះ បើមិនចង់បង់ប្រាក់ពិន័យដែលស្មើនឹង០៥ភាគរយ នៃប្រាក់ចំណូលប្រចាំថ្ងៃទូទាំងពិភពលោករបស់ក្រុមហ៊ុន Alphabet ដែលជាម្ចាស់គ្រប់គ្រងរបស់ Google ទេនោះ៕