(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano នឹងបំពេញដំណើរទស្សនៈកិច្ចផ្លូវការ មកកាន់ប្រទេសចិននៅក្នុងសប្តាហ៍នេះ។ នេះបើតាមអ្នកនាំពាក្យមួយរូប របស់ក្រសួងការបរទេសចិន ចេញផ្សាយដោយសារព័ត៌មានស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។
លោក Cayetano នឹងបំពេញដំណើរទស្សនៈកិច្ចផ្លូវការមួយ ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍សប្តាហ៍នេះ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ នេះបើតាមសម្តីអ្នកនាំពាក្យ លោក Geng Shuang បានឲ្យដឹងយ៉ាងដូច្នេះ។ មេដឹកនាំជាច្រើនរូបរបស់ចិន នឹងជួបជាមួយលោក Cayetano ហើយក្នុងនោះ លោក Wang Yi នឹងជួបពិភាក្សាការងារជាមួយនឹងរូបលោកផងដែរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរមិតិយោបល់គ្នា លើទំនាក់ទំនងរវាងចិន និងហ្វីលីពីន, ចិន និងអាស៊ាន ព្រមទាំងបញ្ហាអន្តរជាតិ និងបញ្ហាប្រឈមនានាក្នុងតំបន់ផងដែរ។
លោក Geng បន្ថែមថា ចិននិងហ្វីលីពីនមានទំនាក់ទំនងមិត្តភាពយូរអង្វែង ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនទាំងសងខាង និងបានចែកចាយនូវស្ថេរភាពក្នុងតំបន់ ចាប់តាំងពីទំនាក់ទំនងបានត្រឡប់មកភាពធម្មតាវិញ កាលពីឆ្នាំមុន។ ហ្វីលីពីននឹងធ្វើជាប្រធានសមាគមអាស៊ាន នៅក្នុងឆ្នាំនេះ ហើយចិនបានត្រៀមរួចជាស្រេច ដើម្បីធ្វើការជាមួយហ្វីលីពីន ដើម្បីបង្កើនទំនាក់ទំនង កាន់តែស៊ីជម្រៅរវាងចិន និងអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនៅតំបន់អាស៊ានទាំងអស់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng បានបន្ថែមថា «យើងជឿជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោក Cayetano នឹងពង្រីកការជឿជាក់ផ្នែកនយោបាយ នៃប្រទេសទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើវិស័យផ្សេងៗជាច្រើន»៕