(ប៉េកាំង)៖ មន្ត្រីពន្ធគយចិននៅថ្ងៃអង្គារនេះបានចេញផ្សាយទិន្នន័យមួយបង្ហាញថា ការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង ស្ថិតនៅក្នុងអាត្រា០ភាគរយ ពោលគឺគ្មានការនាំចូលឡើយ សម្រាប់រយៈពេល០៣ខែរហូតដល់ខែឧសភាកន្លងទៅ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងបែ្រងរបស់ទីក្រុងប៉េកាំង ក្នុងការអនុវត្តន៍ដំណោះស្រាយដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមទិន្នន័យខាងលើ ចិនមិនបាននាំចូលធ្យូងថ្មពីកូរ៉េខាងជើងនោះទេ នៅអំឡុងខែឧសភា ក៏ប៉ុន្តែការនាំចូលធ្យូថ្មពីរុស្ស៊ី ឥណ្ឌូណេស៊ី និងម៉ង់ហ្គោលី បានហក់ឡើងខ្ពស់។ ចិនបាន សម្រេចចិត្តផ្អាកការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង កាលពីខែមីនា និងខែមេសា ដើម្បីផ្ដល់មេរៀនខ្លះដល់កូរ៉េខាងជើង ដែលមិនបានស្ដាប់ការស្នើសុំរបស់ខ្លួនឱ្យបញ្ឈប់ការបាញ់សាក ល្បងមីស៊ីលផ្លោង ណាមួយចិនក៏ចង់ទប់ស្កាត់មិនឱ្យសហរដ្ឋអាមេរិក ប្រើលែសនេះក្នុងការពង្រីក ឬដាក់ពង្រាយមីស៊ីល និងកងទ័ពបន្ថែមនៅក្នុងតំបន់។
ទោះបីជាយ៉ាងនេះក្ដីវាមិនមែនមានន័យថា ទីក្រុងប៉េកាំងនឹងទុកឱ្យរបបដឹកនាំលោក គីម ជុងអ៊ុន ដាច់ខ្យល់ឡើយ ខណៈអ្នកជំនាញមួយចំនួនយល់ថា នៅពេលស្ថានភាពនៅឧបទ្វីបកូរ៉េស្ងប់ស្ងាត់ នោះទណ្ឌកម្មនេះអាចនឹងបាត់ដោយខ្លួនឯង។
គួរបញ្ជាក់ថា សេដ្ឋកិច្ចកូរ៉េខាងជើង គឺពឹងផ្អែកជាង៩០ភាគរយ លើការនាំចេញធ្យូងថ្មទៅកាន់ចិន ដូច្នេះចង់ ឬមិនចង់ការផ្អាកការនំាចូលនេះ បានធ្វើឱ្យទីក្រុងព្យុងយ៉ាងខាតលុយមិនតិចនោះទេ សម្រាប់យកទៅអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីល និងអាវុធនុយក្លេអ៊ែរ នៅក្នុងបរិបទដែលអង្គការសហប្រជាជាតិ ដាក់គោលដៅទប់ស្កាត់ការនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើង ៤០០.៩លានដុល្លារ ឬ៧.៥លានតោនក្នុងមួយឆ្នាំ៕