(ម៉ូស្គូ)៖ រុស្ស៊ីបានលក់នាវាចម្បាំងប្រមាណ៥០គ្រឿង គិតជាទឹកប្រាក់សរុបចំនួន ២៤ពាន់លានដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ២០០០មក។ នេះបើតាមប្រភពពីភ្នាក់ងារនាំចេញនាំចូល ផលិតផលពាក់ព័ន្ធនឹង វិស័យការពារជាតិរបស់រុស្ស៊ី ចុះផ្សាយដោយសារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
«មួយក្នុងចំណោម០៣គ្រឿង នៃនាវាដែលបានលក់ គឺជានាវាមុជទឹក»។ នេះបើតាមសម្តីលោក Alexander Mikheyev ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Rosoboronexport ដែលជាភ្នាក់ងារកណ្តាលផ្នែកលក់ ព្រមទាំងគ្រប់គ្រងការនាំចេញ និងនាំចូលផលិតផល ពាក់ព័ន្ធនឹងវិស័យការពារជាតិរបស់រុស្ស៊ី បានឲ្យដឹងតាមរយៈរបាយការណ៍។ លោក Mikheyev បានបន្ថែមថា អត្រានៃការលក់នាវាចម្បាំង គឺស្មើនឹង១២ភាគរយ នៃការនាំចេញអាវុធសរុប ដោយភ្នាក់ងារបស់លោក។
ក្រុមហ៊ុន Rosoboronexport រំពឹងថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ នៅក្នុងពិព័រណ៌ 8th International Maritime Defense Show ឬហៅកាត់ថា IMDS-2017 ដែលគ្រោងនឹងបើកនៅថ្ងៃពុធខាងមុខ ក្នុងទីក្រុង St. Petersburg ជាទីក្រុងធំជាងគេបំផុតលំដាប់ទី២របស់រុស្ស៊ី ប៉ុន្តែលោក Mikheyev មិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកទិញនោះទេ។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ដែលហៅកាត់ថា SIPRI បានបង្ហាញថា រុស្ស៊ីជាប្រទេសមួយស្ថិតក្នុងចំណោម ប្រទេសចំនួន០៥កំពូលៗ ដែលជាអ្នកនាំចេញអាវុធច្រើនជាងគេបំផុត ពីអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ជាពេលដែលប្រទេសរុស្ស៊ី បានដឹកបញ្ជូនអាវុធទៅកាន់ប្រទេសសរុបចំនួន៥០ នៅទូទាំងសកលលោក។
SIPRI បានឲ្យដឹងទៀតថា ការលក់អាវុធរួមបញ្ចូលគ្នា នៃក្រុមហ៊ុនចំនួន១១របស់រុស្ស៊ី ក្នុងនោះគឺនិយាយពីការលក់អាវុធកំពូលៗទាំង១០០ នៅឆ្នាំ២០១៥ មានចំនួនជាទឹកប្រាក់ ៣០.១ពាន់លានដុល្លារអាមេរិក ស្មើនឹង៨.១ភាគរយ នៃការលក់អាវុធកំពូលៗទាំង១០០ សរុបនៅទូទាំងសកលលោកក្នុងឆ្នាំ២០១៥៕