(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេររិកបានរួមដៃគ្នាជាមួយ ចក្រភពអង់គ្លេស អ៊ីស្រាអែល និងហ្សកហ្ស៊ី ដើម្បីព្យាយាមដាក់សម្ពាធផ្នែកការទូត ទៅលើប្រទេសវេណេស៊ុយអេឡា ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា «នៅក្នុងកិច្ចប្រជុំទី៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (HRC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ដល់ថ្ងៃទី២៣ ខែមិថុនាថ្មីៗនេះ សហរដ្ឋអាមេរិក រួមជាមួយចក្រភពអង់គ្លេស ហ្សកហ្ស៊ី និងអ៊ីស្រាអែល បានធ្វើការឧបត្ថម្ភរៀបចំព្រឹត្តិការណ៍ជាពិសេសក្រៅផ្លូវការមួយ ស្តីពីវេណេស៊ុយឡា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិ ទៅលើការធ្លាក់ចុះដុនដាបយ៉ាងខ្លាំងនៃស្ថានការណ៍សិទ្ធិមនុស្សនៅទីនោះ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នោះរួមមានទាំងវេទិកាពិភាក្សាមួយ រវាងក្រុមអ្នកការពារសិទ្ធិមនុស្សចំនួនបួនរូប មកពីប្រទេសវេណេស៊ុយអេឡា និងអ្នកតំណាងពិសេសទទួលបន្ទុកសេរីភាពនៃការបញ្ចេញមតិ របស់គណៈកម្មការអន្តរអាមេរិក ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សផងដែរ។ ប្រទេសវេណេស៊ុយអេឡា បានស្ថិតនៅក្រោមក្រសែភ្នែកអន្តរជាតិ ជាពិសេសអាមេរិក បន្ទាប់ពីការផ្ទុះបាតុកកម្មដ៏ហិង្សាប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ ដែលបានឈានទៅដល់ការប្រើអំពើហិង្សា បង្កឲ្យមនុស្សជាច្រើននាក់ស្លាប់៕