(ប៉េកាំង)៖ ព្យុះភ្លៀងដែលបាន និងកំពុងបន្តធ្លាក់ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅផ្នែកនៃខេត្ត Anhui, Hunan, Zhejiang និងខេត្ត Guizhou ប្រទេសចិន បានបណ្តាលឲ្យប៉ះពាល់ដល់មនុស្ស យ៉ាងហោចណាស់ ៣.៥លាននាក់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ដែលត្រូវបានដកស្រង់ការផ្សាយនារសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
នៅភាគខាងកើត និងខាងត្បូងខេត្ត Hunan ព្យុះភ្លៀងបានបណ្តាលឲ្យមានកម្រិតទឹកភ្លៀងកម្ពស់ ១៥០មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួន ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ហើយបានបំផ្លាញផ្ទះជាង២,១០០ខ្នង និងបង្ខំឲ្យមានការជម្លៀសមនុស្សប្រមាណ ១៦៣,០០០នាក់ ហើយក្នុងនោះដំណាំជិត១២០ហិកតា ក៏ត្រូវបានបំផ្លាញផងដែរ។ តាមរយៈការព្យាករណ៍ ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតឡើងនៅក្នុងខេត្ត Hunan រយៈពេល០៥ថ្ងៃបន្តទៀត។
នៅក្នុងខេត្ត Guizhou ភ្លៀងធ្លាក់បានបណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់ និង០៤នាក់កំពុងបាត់ខ្លួន, មនុស្សជាង៥៧,០០០នាក់ ត្រូវបានជម្លៀសខ្លួន, ផ្ទះ១២,០០០ខ្នង ត្រូវបានបំផ្លាញ និងផលដំណាំ៥៦០ហិកតា ត្រូវបានបំផ្លេចបំផ្លាញ។ គ្រោះមហន្តរាយនេះ ក៏បានបណ្តាលឲ្យប្រាក់១.៣ពាន់លានយ័ន (ប្រមាណ១៩០លានដុល្លារអាមេរិក) ត្រូវបានខាតបង់ដោយផ្ទាល់លើវិស័យសេដ្ឋកិច្ច។ ក្រុមមន្ត្រីនៃមន្ទីរកិច្ចការស៊ីវិលក្នុងតំបន់បាន និងកំពុងបញ្ជូនជំនួយជាចំណីអាហារ ទៅកាន់តំបន់ដែលរងផលប៉ះពាល់។
បន្ថែមពីនេះនៅក្នុងខេត្ត Anhui ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់, ផ្ទះជាង៧០០ខ្នង ត្រូវបានបំផ្លាញ និងផលដំណាំ២៥.៨ហិកតា ត្រូវបានបំផ្លាញ។ ចំណែកក្នុងខេត្ត Zhejiang វិញ ភ្លៀងធ្លាក់ខ្លាំង បានបង្ខំឲ្យមានការជម្លៀសមនុស្ស ប្រមាណ១៥០,០០០នាក់, បណ្តាលឲ្យខាតបង់សេដ្ឋកិច្ចផ្ទាល់ ប្រមាណ១ពាន់លានយ័ន ខណៈអាងស្តុកទឹកចំនួន៤០កន្លែងកំពុងហូរហៀ៕