(បាងកក)៖ អាជ្ញាធរថៃកំពុងសិក្សាលើគំរោងប្រមូលពន្ធផ្លូវ ដែលប្រើប្រាស់អ្នកបើកបររថយន្ដទាំងឡាយណា បានឆ្លងកាត់ព្រំដែនពីបណ្ដាប្រទេសជិតខាង ចូលមកក្នុងទឹកដីថៃ។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃម្នាក់ ដកស្រង់ដោយសារព័ត៌មាន Channel News Asia និងទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នាយករងការិយាល័យដឹកជញ្ជូន រៀបចំផែនការ និងគោលនយោបាយចរាចរណ៍ លោកស្រី Wilairat Sirisophonsilp បានឱ្យដឹងថា «អាជ្ញាធរថៃ កំពុងសិក្សាលើលទ្ធភាព ទាក់ទិននឹងគំរោងប្រមូលពន្ធសម្រាប់ផ្លូវហៃវ៉េ និងផ្លូវជាច្រើនទៀត ដែលប្រើប្រាស់ដោយអ្នកបើកបរមកពីប្រទេសជិតខាង»។ បន្ថែមពីលើនេះប្រាក់ពន្ធប្រមូលបាន អាចនឹងត្រូវយកទៅប្រើជាមូលនិធិ ក្នុងការជួសជុល និងថែរក្សាផ្លូវថ្នល់ ភ្ជាប់ពីប្រទេសថៃទៅកាន់ប្រទេសជិតខាង ហើយមួយផ្នែកទៀត អាចនឹងយកមកប្រើដើម្បីការពារបរិស្ថាន និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ទោះបីយ៉ាងណាក៏ដោយ លោកស្រី Wilairat Sirisophonsilp បញ្ជាក់ថា អាជ្ញាធរថៃមិនទាន់បានសម្រេចចិត្តថា នឹងប្រមូលពន្ធផ្លូវនេះដោយផ្ទាល់ដៃ ឬក៏ប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនៅឡើយទេ ខណៈបណ្ដាផ្លូវនៅតាមព្រំដែនសម្រាប់អ្នកបើកបរ ទំនងជាអាចនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ឬប្រព័ន្ធ GPS៕