(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា កិច្ចពិភាក្សាសន្តិភាពបន្ថែមទៀត ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយការលើកឡើងរបស់ ប្រធានាធិបតីបារាំងនេះ បានធ្វើឡើងបន្ទាប់ពីមានជំនួបមួយនៅទីក្រុងប៉ារីស ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko។ នេះបើយោងតាមសារព័ត៌មាន RT ចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
លោក Macron បានមានប្រសាសន៍លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយថា «ការពិភាក្សាគ្នាតាមខ្សែទូរស័ព្ទមួយ រវាងមេដឹកនាំបារាំង, អាល្លឺម៉ង់, អ៊ុយក្រែន និងរុស្ស៊ី គឺគ្រោងនឹងធ្វើឡើង នៅចុងសប្តាហ៍នេះ ដោយវាគឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យមានដំណើរការជាក់ស្តែង»។
លោកប្រធានាធិបតីបារាំងបានទទូចថា កិច្ចពិភាក្សា «Normandy Format» រវាងមេដឹកនាំប្រទេសទាំងបួន គឺនៅតែជាវេទិកាដ៏ល្អបំផុត ដើម្បីពិភាក្សាពីស្ថានភាពនៅអ៊ុយក្រែន។ បច្ចុប្បន្នសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន រវាងក្រុមបំបែករដ្ឋដែលទីក្រុងម៉ូស្គូគាំទ្រ និងរដ្ឋាភិបាលអ៊ុយក្រែននៅតែបន្ត ខណៈសហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រដល់ទីក្រុងកៀវ ដោយមានទាំងការផ្តល់ជំនួយអាវុធបន្ថែមទៀត កាលពីពេលថ្មីៗនេះ ដែលជាការបង្កឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្តៅក្រហាយជាខ្លាំង៕