(វ៉ាស៊ីនតោន)៖ សេតវិមានសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋាភិបាលស៊ីរីទំនងជាកំពុងរៀបចំ ធ្វើការវាយប្រហារដោយអាវុធគីមីសាជាថ្មីម្តងទៀត និងបានព្រមានប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ ថា រូបលោករួមទាំងកងទ័ពរបស់លោក នឹងទទួលរងគ្រោះដោយលទ្ធផលធ្ងន់ធ្ងរជាក់ជាពុំខានឡើយ បើសិនជាហ៊ានបើកការវាយប្រហារបែបដូច្នោះមែននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា ការរៀបចំនាពេលថ្មីៗនេះរបស់ស៊ីរី គឺដូចទៅនឹងសកម្មភាពទាំងប៉ុន្មាន ដែលត្រូវបានធ្វើឡើងនៅមុនការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅនេះ ដែលបានផ្តាច់យកអាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់យ៉ាងតិច ៧០នាក់ រួមមានទាំងកុមារតូចៗផងដែរ ហើយទង្វើនេះហើយដែលបានជម្រុញឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ចេញបញ្ជាឲ្យកងនាវាចម្បាំងអាមេរិកបាញ់មីស៊ីលចំនួន ៥៩គ្រាប់ ស្រោចទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែងក្នុងប្រទេសស៊ីរី ទោះបីជារដ្ឋាភិបាលលោក អាស្សាដ បានបដិសេធថា មិនបានបើកការវាយប្រហារដោយអាវុធគីមីក៏ដោយ។
គួរបញ្ជាក់ផងដែរថា ការសម្រេចបាញ់មីស៊ីលជិត ៦០គ្រាប់ ទៅលើមូលដ្ឋានទ័ពស៊ីរីនោះ គឺជាសកម្មភាពព្រមានដោយផ្ទាល់មួយរបស់សហរដ្ឋអាមេរិក នៅក្នុងអំឡុងសង្រ្គាមស៊ីវិលរយៈ០៦ឆ្នាំ របស់ប្រទេសស៊ីរី ហើយវាក៏បានបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នា របស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់ លោក អាស្សាដ ថែមទៀតផង៕