(បរទេស)៖ បន្ទាប់ពីមានដំណឹងលេចលឺពាសពេញបណ្តាញអ៊ីនធើណែត និងសារព័ត៌មានថា អង្គការ NASA គ្រោងនឹងប្រកាសអំពីការរុករកឃើញនៃជីវិតក្រៅភព ឬពួកអេលៀននោះ នៅទីបំផុតទីភ្នាក់អវកាសអាមេរិក បានចេញមុខបញ្ជាក់អះអាងថា វាមិនមែនជាការពិត ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាបានលឺនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយវិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
កាលពីសប្តាហ៍មុន ក្រុម Hacker ដ៏ល្បីល្បាញមានឈ្មោះថា Anonymous បានបង្ហោះវីដេអូមួយនៅលើវែបសាយ Youtube ដោយលើកឡើងថា ទីភ្នាក់ងារអវកាសអាមេរិក NASA ជិតនឹងធ្វើសេចក្តីប្រកាសអំពីរបកគំហើញដ៏អស្ចារ្យជាទីបំផុត គឺការរកឃើញនៃវត្តមានជិវិតនៅក្រៅភពផែនដី។ វីដេអូនោះក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់បង្ខំឲ្យនាយកផ្នែកវិទ្យាសាស្រ្តរបស់ NASA លោក Thomas Zurbuchen ធ្វើការចេញមុខបកស្រាយ អំពីពាក្យចចាមអារ៉ាមនេះថែមទៀតផង។
លោក Zurbuchen បានគូសបញ្ជាក់តាមរយៈបណ្តាញសង្គម Twitter ថា «ដោយផ្ទុយពីសេចក្តីរាយការណ៍មួយចំនួន អង្គការ NASA ពុំមានគម្រោងចេញសេចក្តីប្រកាសណាមួយ ទាក់ទិននឹងជិវិតក្រៅភពនោះឡើយ ហើយសម្រាប់សំណួរថា តើពួកយើងស្ថិតនៅតែឯងក្នុងចក្រវាឡនេះដែរ ឬយ៉ាងនោះវិញ ស្របពេលដែលយើងមិនទាន់ដឹងឲ្យប្រាកដច្បាស់នៅឡើយថា ពួកយើងមានបេសកកម្មជាច្រើនផ្សេងទៀត កំពុងប្រព្រឹត្តទៅ ដែលអាចជួយផ្តល់ចម្លើយដល់សំណួរនេះ»។
សម្រាប់អ្នកទាំងឡាយណា ដែលរំពឹងរង់ចាំសេចក្តីប្រកាសកក្រើកផែនដីពីអង្គការ NASA នៅក្នុងពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនោះ ការចេញមុខបកស្រាយបញ្ជាក់ពីទីភ្នាក់ងារអវកាសអាមេរិកនេះ អាចជាការខកចិត្តដ៏ធំមួយចំពោះពួកគេ។ ទោះបីជាបែបនេះក្តី ពាក្យចចាមអារ៉ាមនៅតែមាន ហើយមានមនុស្សមួយចំនួន បានផ្សព្វផ្សាយថា NASA កំពុងព្យាយាមលាក់ព័ត៌មានអំពីការស្វែងរកឃើញ «អេលៀន» ក៏ព្រោះតែមិនចង់ឲ្យមនុស្សលោកមានភាពជ្រួលច្របល់។
យ៉ាងណាក៏ដោយ មិនទាន់មានប្រភពផ្លូវការណាមួយពី អង្គការ NASA ឬសូម្បីអង្គការល្បីៗដែលបម្រើការងារក្នុងវិស័យវិទ្យាសាស្ត្រ និងអវកាសធ្លាប់ដែលបញ្ជាក់ថា មានជីវិតណាផ្សេងក្រៅពីភពផែនដីនោះឡើយ ក្រៅតែពីការខិតខំប្រឹងប្រែងស្វែងរកដូចសព្វថ្ងៃនេះ៕