(បាងកក)៖ កងទ័ពជើងទឹករបស់ប្រទេសថៃ នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា នាវាដឹកប្រេងមួយគ្រឿងរបស់ប្រទេសខ្លួន ដែលត្រូវបានចោរសមុទ្រប្លន់យកទៅ នៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ីនោះ បានវិលត្រឡប់មកដល់ថៃវិញហើយ។ នេះបើតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
«នាវាដឹកប្រេង C.P. 41 ដែលត្រូវបានចោរប្លន់ ឥឡូវនេះមានសុវត្ថិភាពវិញហើយ»។ នេះបើយោងតាមសម្តី អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក Admiral Jumpol Lumphikanont។ លោក Jumpol បានបន្ថែមថា នាវាដឹកប្រេងបានធ្វើដំណើរតាមផ្លូវដ៏ត្រឹមត្រូវមួយ នៅពេលដែលវារងការវាយប្រហារ ហើយកងកម្លាំងជើងទឹកថៃ បានបញ្ជូននាវាល្បាត HTMS Takbai ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះពួកគេ បន្ទាប់ពីមានការបញ្ជាក់ថា មានការប្លន់កើតឡើងនោះ។
C.P. 41 ផ្ទុកដោយសហសេវិក១៧នាក់ និងប្រេងម៉ាសូតប្រមាណ ៣,៨០០តោន បានរងការវាយប្រហារ ដោយក្រុមចោរសមុទ្រមានគ្នា ០៦នាក់ ខណៈនាវាកំពុងធ្វើដំណើរចេញពីប្រទេសសិង្ហបុរី ទៅកាន់ខេត្ត Songkhla ប្រទេសថៃនាយប់ថ្ងៃសុក្រ។ សហសេវិកលើនាវាបានឲ្យដឹងថា ពួកគេត្រូវបានចាប់ឃុំឃាំង ដោយមានការគម្រាមតាមរយៈការប្រើប្រាស់កាំភ្លើងនៅអំឡុងពេលប្លន់ ហើយក្រុមចោរប្លន់បានកាត់ផ្តាច់ការទំនាក់ទំនង។
គួរបញ្ជាក់ថា ក្រុមចោរសមុទ្រដែលនិយាយភាសាឥណ្ឌូណេស៊ីនេះ បានបង្ហូរយកប្រេងចំនួន ១,៥០០តោន ហើយបានដោះលែងនាវាមកវិញនៅព្រឹកថ្ងៃសៅរ៍។ យ៉ាងណាក៏ដោយ អាជ្ញាធរកំពុងតែទាក់ទងជាមួយនឹងអាជ្ញាធរដែនទឹកម៉ាឡេស៊ី ដែលជាកន្លែងកើតហេតុ ដើម្បីចាត់វិធានការទៅលើការប្លន់ទាំងកម្រោលខាងលើនេះ៕