(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ដែលកំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយមេដឹកនាំកំពូលទំាងពីរក៏បានសារទរផងដែរ ចំពោះទំនាក់ទំនងទ្វេភាគីព្រមទាំងសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងប្រឆាំងអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ពីសួនច្បារសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីជំនួបរបស់ពួកយើងនៅថ្ងៃនេះ ខ្ញុំអាចនិយាយបានថា ទំនាក់ទំនងរវាងឥណ្ឌា និងសហរដ្ឋអាមេរិក មិនដែលរឹងមំា និងល្អដូចពេលនេះទេ... ហើយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូដេលី នឹងនៅតែភ្ជាប់ទំនាក់ទំនងជាមួយគ្នាជានិច្ច ក្នុងលក្ខណៈមិត្តភាព និងការគោរពគ្នាទៅវិញ»។ ដោយឡែកឆ្លើយតប ទៅនឹងការលើកឡើងនេះដែរ លោក ណារិនដ្រា មូឌី ក៏បានកត់សម្គាល់ផងដែរពីសារៈសំខាន់ នៃជំនួបជាមួយលោក ត្រាំ ដែលត្រូវបានលោក ចាត់ទុកថា ជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា បើតាមលោក ណារិនដ្រា មូឌី អាទិភាពជាចម្បងសម្រាប់លោក និងលោក ដូណាល់ ត្រាំ គឺការពារប្រជាជនរបស់ខ្លួនពីក្រុមអង្គការភេរវករគ្រប់ទម្រង់ទំាងអស់ បើទោះជាប្រទេសទំាងពីរ កំពុងមានការខ្វែងគំនិតគ្នាលើគោលនយោបាយពាណិជ្ជកម្ម របស់លោក ត្រាំ ក៏ដោយ។ កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក ធ្វើពាណិជ្ជកម្មជាមួយឥណ្ឌាក្នុងទំហំទឹកប្រាក់ ១១៤.៨ពាន់លានដុល្លារ ក៏ប៉ុន្តែឱនភាពពាណិជ្ជកម្មជាមួយឥណ្ឌាមានរហូតដល់ ៣០.៨ពាន់លានដុល្លារ។ នេះបើតាមតួរលេខផ្ដល់ដោយក្រុមមន្ត្រីអាមេរិក។
ទោះបីជាបែបនេះក្តី ឥណ្ឌាត្រូវបានចាត់ទុកជាមហាយក្សទីពីរប្រចាំតំបន់អាស៊ី បន្ទាប់ពីប្រទេសចិន ដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង និងប្រជាជនរហូតដល់ទៅជាង ១,២០០លាននាក់ ហើយបន្ថែមពីនេះ ទំនាក់ទំនងចិន និងឥណ្ឌា ក៏មិនសូវជាល្អប៉ុន្មាននោះដែរ ដោយសារតែបញ្ហាតានតឹងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ និងការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌា ចំពោះសម្តេចសង្ឃ ដាឡៃឡាម៉ា ដែលជាមេដឹកនាំសាសនាបែបនិរទេស និងមានទំនោរទាមទារឯករាជ្យនៅតំបន់ទីបេ ប្រឆាំងនឹងរដ្ឋាភិបាលប៉េកាំង៕