(ម៉ូស្គូ)៖ ខណៈសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាពីរបៀបគ្រប់គ្រងការហោះហើរយន្ដហោះចម្បាំងថ្មីដូចជា F-35 នៅឯពិធីដាក់តាំងបង្ហាញយន្ដហោះ Paris Air Show អគ្គនាយកក្រុមហ៊ុនផលិតយន្ដហោះចម្បាំងរុស្ស៊ី MiG លោក Ilya Tarasenko បានអះអាងថា ខ្លួនមានគំរោងដាក់ឱ្យដំណើរការយន្ដហោះចម្បាំងជំនាន់ថ្មី MiG-35 ហើយដែលការធ្វើតេស្ដសាកល្បងជាលើកដំបូង អាចនឹងត្រូវធ្វើឡើងយ៉ាងយូរនៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
MiG-35 គឺជាយន្ដហោះចម្បាំងជំនាន់ថ្មី ដែលអភិវឌ្ឍន៍ចេញពីយន្ដហោះធុន MiG-29 ដោយត្រូវចំណាយពេលជាង១០ឆ្នាំ។ ជាមួយគ្នានោះដែរ បើតាមលោក Ilya Tarasenko ក្រុមមន្ត្រីក្រសួងការពារជាតិរុស្ស៊ី មិនទាន់មានបំណងបង្ហាញពីចំនួនយន្ដហោះចម្បាំងប្រភេទថ្មី MIG នោះទេ ក៏ប៉ុន្តែមេបញ្ជាការទ័ពអាកាសរុស្ស៊ីបានបញ្ជាក់ថា ពួកគេមានគំរោងនឹងដាក់ឱ្យដំណើរការ MiG-35 ជំនួស MIG-29 ខណៈយន្ដហោះចម្បាំងធុន MiG-29 ជាង ៣៥០គ្រឿង កំពុងធ្វើប្រតិបត្តិការជាមួយយន្ដហោះចម្បាំង Sukhoi Su-27 Flanker និង MiG-21 Foxhound។
គួរបញ្ជាក់ថា យន្ដហោះ MiG-35 នឹងត្រូវចូលរួមជាមួយកងកម្លំាងទ័ពអាកាសរុស្ស៊ី នៅឆ្នាំ២០១៨ ហើយអាចនឹងត្រូវដាក់លក់លើទីផ្សារនៅឆ្នាំ២០២០៕