(អង់ការ៉ា)៖ បន្ទាប់ពីមានការទាមទារដោយទីក្រុងរីយ៉ាដ ឲ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ាដកកម្លាំងយោធាចេញពីប្រទេសកាតានោះ ប្រធានាធិបតីតួកគី លោក Reccip Tayyip Erdogan បានធ្វើការឆ្លើយតបទៅវិញយ៉ាងខ្លី និងច្បាស់ៗថា «គ្មានផ្លូវទេ»។ នេះតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
លោកប្រធានាធិបតីតួកគីបានថ្លែងយ៉ាងដូច្នេះថា «ទីមួយការដែលទាមទារឲ្យតួកគី ដកកងទ័ពចេញពីកាតា គឺជាអាកប្បកិរិយាប្រមាថមើលងាយមួយមកលើពួកយើង។ ម៉្យាងវិញទៀតយើងមិនចាំបាច់ ត្រូវការអនុញ្ញាតពីអ្នកដទៃផ្សេងឡើយ ដើម្បីបោះមូលដ្ឋានយោធានៅក្នុងចំណោមប្រទេសជាដៃគូរបស់យើង។ បន្ថែមពីនេះទីក្រុងអង់ការ៉ាគាំទ្រ និងសូមកោតសរសើរចំពោះគោលជំហររបស់កាតា ជុំវិញការទាមទារទាំងប៉ុន្មានយ៉ាង របស់បណ្តាប្រទេសអារ៉ាប់មួយចំនួនទៀត។ វាគឺជាមធ្យោបាយដ៏សែនអាក្រក់បំផុត ក្នុងការប៉ុនប៉ងព្យាយាមចូលជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងរបស់យើង»។
កាលពីសប្តាហ៍មុនទីក្រុងរីយ៉ាដ បានប្រកាសទុកពេលឲ្យទីក្រុងដូហារយៈពេល១០ថ្ងៃ ដើម្បីអនុវត្តន៍តាមការទាមទារចំនួន១៣យ៉ាង ដែលរួមមានទាំងការដកទ័ពតួកគីចេញពីប្រទេសរបស់ខ្លួន ក៏ប៉ុន្តែគេមិនទាន់បានដឹងច្បាស់នៅឡើយទេថា តើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងនឹងដាក់ពិន័យបែបណាទៅលើប្រទេសកាតា ប្រសិនបើការទាមទារទាំងប៉ុន្មាន មិនត្រូវបានអនុវត្តន៍ទេនោះ។ ម៉្យាងវិញទៀត កាតាក៏បានចេញសេចក្តីបញ្ជាក់រួចមកហើយផងដែរថា ខ្លួនសូមបដិសេធចំពោះការទាមទារទាំងអស់ របស់ទីក្រុងរីយ៉ាដ។
គួរបញ្ជាក់ថា ស្របពេលដែលកំពុងប្រឈមមុខជាមួយបញ្ហាជម្លោះការទូតដ៏សែនជ្រៅ ជាមួយបណ្តាកំពូលប្រទេសអារ៉ាប់ជិតខាងនោះ តាកាបានទទួលការគាំទ្រក៏ដូចជាជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្តថ្មីថ្មោងរបស់ខ្លួន ក្នុងការបង្កើនស្ថិរភាពជាតិ ខណៈកំពុងស្ថិតក្រោមមុខព្រួញនៃការកៀបសង្កត់ និងដាក់សម្ពាធពីបណ្តារដ្ឋនៅមជ្ឈិមបូព៌ា ដែលនៅហ៊ុមព័ទ្ធជុំវិញខ្លួន៕