(តូក្យូ)៖ អតីតមេដឹកនាំកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ធ្លាប់បានរៀបចំផែនការមួយចំនួន ដើម្បីលួចធ្វើឃាតប្រមុខដឹកនាំកំពូលផុតលេខរបស់ប្រទេសកូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជាតិជប៉ុន Asashi Shimbun ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ដោយផ្អែកលើប្រភពមួយចំនួនដែលខ្លួនទទួលបាន សារព័ត៌មានខាងលើនាពេលថ្មីៗនេះ បានធ្វើសេចក្តីរាយការណ៍ថា អតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ ដែលត្រូវបានទម្លាក់ចេញពីតំណែង ដោយសារតែរឿងអាស្រូវពុករលួយដ៏កក្រើកនោះ ធ្លាប់បានចុះហត្ថលេខាលើឯកសារមួយ អនុញ្ញាតឲ្យការផ្លាស់ប្តូរមេដឹកនាំនៅក្នុងប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០១៥ ហើយបណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង គឺតម្រូវឲ្យត្រៀមរៀបចំប្រតិបត្តិការដែលចាំបាច់នានា ដើម្បីអនុវត្តន៍គម្រោងនេះ។
សេចក្តីរាយការណ៍ព័ត៌មានដដែលបានគូសបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ក៏បានធ្វើការពិចារណារៀបចំឲ្យមានគ្រោះថ្នាក់ដោយចៃដន្យផងដែរ រួមមានហេតុការណ៍បង្កគ្រោះថ្នាក់ដល់រថយន្ត ឬមួយក៏ខ្សែរថភ្លើងដឹកលោក គីម ជុងអ៊ុន ជាដើម។ ក្រៅពីនេះរដ្ឋបាលលោកស្រី ផាក ថែមទាំងប្រុងបង្កើតឲ្យមានការធ្វើរដ្ឋប្រហារ នៅកូរ៉េខាងជើងទៀតផង។
សារព័ត៌មានជប៉ុន Asahi Shimun បានលើកឡើងជាចុងក្រោយថា សកម្មភាពយោធាផ្សេងៗរបស់រដ្ឋកុម្មុយនិស្តជិតខាងមួយនេះ របស់កូរ៉េខាងត្បូង រួមបញ្ចូលទាំងកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ គឺជាមូលហេតុដែលជម្រុញឲ្យមានគម្រោងនេះ ដោយសារតែភាពតានតឹងរវាងទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាងបានកើនឡើងខ្ពស់ កាលពីខែសីហា ឆ្នាំ២០១៥ ខណៈប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយអាវុធ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់វត្ថុម៉្យាងចូលមកក្នុងព្រំដែននៃទីក្រុង Yeoncheon របស់កូរ៉េខាងត្បូង។ យ៉ាងណាមិញ Asashi Shimbun បានបញ្ជាក់ថាផែនការកម្ចាត់មេដឹកនាំកូរ៉េខាងជើងនេះ មិនត្រូវបានបន្តអនុវត្តន៍ដោយរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជែអ៊ីន នោះឡើយ ក្រោយពេលដែលលោកស្រី ផាក ត្រូវបានទម្លាក់ចេញពីតំណែង៕