(វ៉ាស៊ីនតោន)៖ ទីបំផុតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី បានមកដល់រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិកហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយក្នុងនោះលោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកស្រី មេឡានា ត្រាំ នាសេតវិមានតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ការមកដល់នៃមេដឹកនាំនៃមហាយក្សឥណ្ឌានេះ គឺស្ថិតនៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងទ្វេភាគី បើទោះជាកំពុងមានការខ្វែងគំនិតគ្នា លើបញ្ហាជាច្រើនចាប់តាំងពី លោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមកក៏ដោយ។
ជាមួយគ្នានោះដែរ ថ្លែងនៅមុនការបំពេញដំណើរទស្សកិច្ចរបស់លោក មូឌី មកកាន់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter ថា លោកកំពុងទន្ទឹមរង់ចំា ជួបពិភាក្សាជាមួយនឹងមិត្តដ៏ពិតប្រាកដម្នាក់ រីឯសេតវិមានក៏បាននិយាយទុកមុនដែរថា មេដឹកនាំទំាងពីរមានគំនិតរួមដូចគ្នាជាច្រើន។ ក៏ប៉ុន្តែតាមការពិតទៅ ទំាងទីក្រុងញូដេលី និងទីក្រុងវ៉ាស៊ីនតោន នៅមានរឿងជាច្រើនត្រូវជជែកគ្នាឱ្យដាច់ស្រេច ជាពិសេសពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ និងការសម្រេចចិត្តចាកចេញពី កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស របស់សហរដ្ឋអាមេរិកជាដើម។
គួរបញ្ជាក់ថា ដោយសារតែគោលនយោបាយ America First របស់លោក ដូណាល់ ត្រាំ វាបានបង្កជាឱនភាពពាណិជ្ជកម្មមិនតិចនោះទេជាមួយឥណ្ឌា ហើយមិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធទិដ្ឋាការ H-1B ដែលផ្ដល់ផលចំណេញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាទៀតផង៕