(បារ៉ែន)៖ រដ្ឋមន្ត្រីការបរទេសបារ៉ែន បានចោទប្រកាន់ប្រទេសកាតាថា កំពុងបង្កើតភាពតានតឹងផ្នែកយោធានៅក្នុងជម្លោះការទូតជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតនៅក្នុងតំបន់ តាមរយៈការបណ្ដោយកងទ័ពតួកគី កាន់តែច្រើនឡើងចូលមកក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ​ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

អស់រយៈពេលជាង០៣សប្ដាហ៍មកហើយ បារ៉ែន រួមទំាងអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីប បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងដូហា ដោយចោទថាគាំទ្រ ក្រុមភេរវករ។ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយ បណ្ដាប្រទេសទាំងនេះបែរជាស្នើសុំឱ្យកាតាផ្ដាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់​ បិទមូលដ្ឋានទ័ពតួកគីនៅលើទឹកដីរបស់ខ្លួន និងបិទស្ថានីយ៍ ទូរទស្សន៍ Al Jazeera ទៅវិញ ខណៈទីក្រុងដូហា ហាក់ដូចជាប្រងើយកន្ដើយនឹងសំណើរទំាងនេះ។ ដោយឡែក ជុំវិញអាកប្បកិរិយានេះដែរ រដ្ឋមន្ត្រីការបរទេសបារ៉ែន Sheikh Khalid bin Ahmed al-Khalifa បានសរសេរនៅលើ Twitter ដូច្នេះថា៖ «មូលដ្ឋានគ្រឹះនៃជម្លោះជាមួយកាតា គឺជាជម្លោះការទូត និងផ្នែកសន្តិសុខប៉ុណ្ណោះ មិនមែនជាជម្លោះយោ ធានោះឡើយ...ក៏ប៉ុន្តែការអនុញ្ញាតឱ្យយោធាបរទេស និងអាវុធរបស់ពួកគេមានវត្តមាននៅលើទឹកដីកាតា គឺមានន័យស្មើនឹងទីក្រុងដូហាកំពុងបង្កើតភាពតានតឹងផ្នែកយោធា ហើយ ការលូកដៃពីបរទេសក៏មិនអាចដោះស្រាយបញ្ហាបច្ចុប្បន្នបានដែរ»

គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានតែប្រទេសតួកគីតែមួយគត់ដែលចេញមុខគាំទ្រកាតា ពេញទំហឹង។ ចំណែកឯ ទីក្រុងដូហា នៅតែប្រកាន់ជំហរដដែលថាខ្លួនមិនបានគាំទ្រ ពួកភេរវករដូចការចោទប្រកាន់នោះទេ ដូច្នេះគ្មានហេតុផលណាមួយ ត្រូវផ្លាស់ប្ដូរនយោបាយ ឬគោលជំហររបស់ខ្លួននោះទេ បើទោះជាកំពុងជាប់ទណ្ឌកម្មពីបណ្ដាប្រទេសអារ៉ាប់ ជិតខាងក៏ដោយ៕