(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Leni Robredo បានបង្ហាញពីក្ដីសង្ឃឹមថា សង្រ្គាមជាមួយពួកឧទ្ទាមក្នុងទីក្រុង Marawi នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ព្រម ទំាងបានផ្ដល់ការគាំទ្រដល់ជនភៀសខ្លួនពីជម្លោះ នៅអំឡុងពេលលោកស្រីបំពេញដំណើរទស្សនកិច្ចមួយ ដែលជាធម្មតាត្រូវដឹកនាំដោយ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប៉ុន្តែប្រធានាធិបតីហ្វីលីពីនវ័យ៧២ឆ្នាំរូបនេះ មិនបានបង្ហាញមុខជាសាធារណៈ អស់រយៈពេលជិត០៦ថ្ងៃមកហើយ ខណៈពាក្យចចាមអារាមជាច្រើនថា លោកកំពុងមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ការបំពេញដំណើរទស្សនកិច្ចរបស់ លោកស្រី Leni Robredo ទៅកាន់ជំរុំជនភៀសខ្លួនក្នុងទីក្រុង Balo-in ស្ថិតនៅក្បែរទីក្រុង Marawi ធ្វើឡើងចំពេលមានពាក្យចចាមអារាមថា លោក ឌូតឺតេ មានបញ្ហាសុខភាព បន្ទាប់ពីលោកបានបាត់មុខអស់រយៈពេល០៦ថ្ងៃ នៅក្នុងខែមិថុនានេះ ដែលនេះគឺការអវត្តមានយូរបំផុត គិតចាប់តាំងពីលោកឡើងកាន់អំណាចមួយឆ្នាំមកនេះ។
ជាងនេះទៅទៀត ថ្លែងទៅកាន់ប្រជាជនជិត ២៥០,០០០នាក់ ដែលកំពុងរត់គេចចេញពីជម្លោះ រវាងពួកឧទ្ទាមមានសម្ព័ន្ធភាពជាមួយពួក ISIS និងកងកម្លាំង រដ្ឋាភិបាលហ្វីលីពីន លោកស្រី Robredo ក៏មិនបាននិយាយពីឈ្មោះលោក ឌូតឺតេ ដែរ ដោយលោកស្រីគ្រាន់តែបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាសង្ឃឹមថា ការវាយប្រយុទ្ធគ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយអ្នកទំាងអស់គ្នាអាចនឹងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន... ចំណែកឯរដ្ឋាភិបាល នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដោយយើងនៅតែសង្ឃឹមថា ជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»។
គួរបញ្ជាក់ថា អ្នកនាំពាក្យ លោក ឌូតឺតេ មិនបានធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងអវត្តមានរបស់លោកឡើយ។ ក៏ប៉ុន្តែលោក Salvador Panelo ជាមិត្តជិតស្និទ្ធម្នាក់របស់ លោក ឌូតឺតេ បានអះអាងថា លោកប្រធានាធិបតីគឺរឹងមាំដូចជាគោព្រៃមួយក្បាលអ៊ីចឹង ហើយលោកនឹងបង្ហាញមុខជាសាធារណៈ និងចូលរួមប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារស្អែកនេះ៕