(ម៉ូស្គូ)៖ ក្រោយការសម្រេចចិត្តដ៏ចម្រូងចម្រាស របស់រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស ប្រធានាធិបតីបារាំងថ្មី លោក Emmanuel Macron និងតារាហូលីវូដដ៏ល្បីមួយរូបគឺ លោក Arnold Schwarzenegger ដែលធ្លាប់កាន់តួនាទីជាអភិបាលរដ្ឋកាលីហ្វរញ៉ាបានជិត ១០ឆ្នាំផងដែរនេះបានរួមគ្នាធ្វើការឌឺដងផ្លែផ្កាដោយប្រយោលដាក់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងឃ្លីបវីដេអូខ្លីមួយលើបណ្តាញអ៊ីនធើណែត លោក Macron និងលោក Schwarzenegger បានប្រកាសបែបចំអកឲ្យមេដឹកនាំអាមេរិកថា ពាក់ព័ន្ធនឹងគម្រោងនៃការបង្កើតអនាគត ពោរពេញដោយធម្មជាតិពណ៌បៃតង និងដោះស្រាយបញ្ហាបរិស្ថានដែលពិភពលោកកំពុងជួបប្រទះសព្វថ្ងៃនេះ ដោយប្រើប្រាស់ពាកស្លោកដ៏ពេញនិយម កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ គឺឃ្លា «ធ្វើឲ្យអាមេរិកមានភាពអស្ចារ្យសាជាថ្មីឡើងវិញ (Make America Great Again)»។
លោក Schwarzenegger បានគូសបញ្ជាក់ «ខ្ញុំនៅទីនេះជាមួយប្រធានាធិបតី Marcon... ពួកយើងកំពុងពិភាក្សាគ្នាអំពីបញ្ហាបរិស្ថាន និងអនាគតពណ៌បៃតងខ្ចីសម្រាប់ផែនដី»។ ភ្លាមៗនោះលោកប្រធានាធិបតិបារាំងក៏បានបន្ថែមថា «ឥឡូវនេះពួកយើងនឹងសហការគ្នា ចូលរួមបង្កើតពិភពលោករបស់យើង ឲ្យមានភាពអស្ចារ្យឡើងវិញម្តងទៀត»។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុនវីដេអូរបស់ លោក Schwarzenegger ដែលមានរួមបញ្ចូលទាំងចំណងជើងថា «នៅជាមួយប្រធានាធិបតី Macron ដែលជាមេដឹកនាំដ៏អស្ចារ្យមួយរូប» ត្រូវបានបង្ហោះនៅលើរាល់ Account បណ្តាញទំនាក់ទំនងសង្គមទាំងអស់ របស់អតីតអភិបាលរដ្ឋកាលីហ្វរញ៉ារូបនេះ។ នៅក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង សារភ្ជាប់ជាមួយវីដេអូនេះ ដែលបង្ហោះនៅលើ Twitter មានការចែករំលែកបន្តដល់ទៅជាង ១១,០០០លើក ខណៈនៅលើ Facebook របស់លោក Schwarzenegger ទទួលបានការទស្សនាជាង ១.៦លានដង ក្នុងពេលមួយថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក Schwarzenegger ក៏ធ្លាប់បាននិយាយរិះគន់ចំៗដាក់ លោក ដូណាល់ ត្រាំ កាលពីពេលកន្លងមកផងដែរ ហើយកាលពីដើមខែមិថុនានេះវិញ លោកបានបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ដែលបានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។ តារាភាពយន្តលំដាប់ពិភពលោករូបនេះ បានលើកឡើងថា «បុរសម្នាក់មិនអាចបំផ្លាញការវិវឌ្ឍន៍របស់យើងបានឡើង ហើយបុរសម្នាក់ក៏មិនអាចបញ្ឈប់បដិវត្តន៍ នៃការប្រើប្រាស់ថាមពលស្អាត គ្មានការបំពុលបរិស្ថានរបស់យើងបាននោះដែរ»។ ការលើកឡើងនេះ គឺចង់សំដៅលើ លោក ដូណាល់ ត្រាំ។
ជាមួយគ្នានោះប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានចេញមុខបញ្ជាក់ដែរថា «យើងមិនអាចធ្វើការចរចាកិច្ចព្រមព្រៀងនេះឡើងវិញឡើយ ដោយសារតែវាគ្មានផ្លូវនោះទេ។ កុំយល់ច្រឡំលើបញ្ហាអាកាសធាតុឲ្យសោះ... វាពុំមានផែនការបំរុង B ឡើយ ដោយសារតែពុំមានភពបំរុង B ដូចគ្នា»។ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ជុំវិញកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស បានធ្វើឲ្យអន្តរជាតិរួមទាំងបណ្តាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក មានការខកចិត្តក្រៃលែង៕