(ម៉ូស្គូ)៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Frants Klintsevich បាននិយាយថា ទីក្រុងម៉ូស្គូ ជំទាស់ជាដាច់ខាតទៅនឹងការផ្គត់ផ្គង់អាវុធ គ្រប់ទម្រង់ទំាងអស់ទៅឱ្យអ៊ុយក្រែនព្រោះថា ការធ្វើបែបនេះមានតែធ្វើឱ្យស្ថានភាពនៅក្នុងតំបន់ កាន់តែអស្ថិរភាពខ្លាំងឡើងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Frants Klintsevich បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមជាយោធាម្នាក់ ខ្ញុំសូមនិយាយនៅថ្ងៃនេះថា គោលជំហររបស់រុស្ស៊ីគឺច្បាស់លាស់ជាទីបំផុត... ពោលគឺយើងជំទាស់ជាដាច់ខាតនឹងការផ្គត់ផ្គង់អាវុធដល់ប្រទេស ដែលកំពុងជាប់ផុងនៅក្នុងសង្រ្គាមស៊ីវិល ត្បិតការធ្វើបែបនេះ គ្មានបានជួយអ្វីទាល់តែសោះ ក្រៅតែពីធ្វើឲ្យស្ថានភាពបច្ចុប្បន្ន រឹតតែស្មុកស្មាញ និងអស្ថិរភាពកាន់តែខ្លាំងឡើង»។
គួររំលឹកថា កាលពីដើមខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានអះអាងថា លោកបានចុះកិច្ចព្រមព្រៀងអាវុធមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅអំឡុងពេលលោកបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីនេះ។ ជាងនេះទៅទៀត កាលពីដើមខែឧសភាកន្លងទៅ ព្រឹទ្ធសភាអាមេរិកក៏បានអនុម័ត លើសេចក្ដីព្រាងកញ្ចប់ថវិកាសហព័ន្ធ ដើម្បីបន្តផ្ដល់ជំនួយបន្ថែមដល់ប្រទេសអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៤១០លានដុល្លារ ក្នុងនោះរួមមាន១៥០លានដុល្លារ សម្រាប់ជំនួយផ្នែកយោធាផងដែរ៕