លោក ដូណាល់ ត្រាំ នឹងជួបមុខគ្នាជាលើកដំបូងជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នៅដើមសបា្តហ៍នេះ!
26-06-2017 15:04
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី នឹងចាប់ផ្ដើមជំនួបទល់មុខជាលើកដំបូង នៅក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងទ្វេភាគី បើទោះជាកំពុងមានការខ្វែងគំនិតគ្នា លើបញ្ហាជាច្រើនចាប់តាំងពី លោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ថ្លែងនៅមុនការបំពេញដំណើរទស្សកិច្ចរបស់លោក មូឌី មកកាន់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter ថា លោកកំពុងទន្ទឹមរង់ចំា ជួបពិភាក្សាជាមួយនឹងមិត្តដ៏ពិតប្រាកដម្នាក់ រីឯសេតវិមានក៏បាននិយាយទុកមុនដែរថា មេដឹកនាំទំាងពីរមានគំនិតរួមដូចគ្នាជាច្រើន។ ក៏ប៉ុន្តែតាមការពិតទៅ ទំាងទីក្រុងញូដេលី និងទីក្រុងវ៉ាស៊ីនតោន នៅមានរឿងជាច្រើនត្រូវជជែកគ្នាឱ្យដាច់ស្រេច ជាពិសេសពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ និងការសម្រេចចិត្តចាកចេញពី កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស របស់សហរដ្ឋអាមេរិកជាដើម។
គួរបញ្ជាក់ថា ដោយសារតែគោលនយោបាយ America First របស់លោក ដូណាល់ ត្រាំ វាបានបង្កជាឱនភាពពាណិជ្ជកម្មមិនតិចនោះទេជាមួយឥណ្ឌា ហើយមិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធទិដ្ឋាការ H-1B ដែលផ្ដល់ផលចំណេញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាទៀតផង៕