(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចេញច្បាប់តម្រូវឲ្យបណ្តាប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការប្រគល់ជូនព័ត៌មានលម្អិតសំខាន់ៗស្តីពីជនសង្ស័យជាភេរវករ ឬមួយក៏ប្រតិបត្តិការភេរវកម្ម ហើយវាគឺជាគម្រោងមួយ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈដ្ឋាននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បានឲ្យដឹងថា រូបលោក បានជួបជាមួយថ្នាក់ដឹកនាំ របស់បណ្តាវែបសាយទំនាក់ទំនងសង្គមល្បីៗ ដើម្បីប្រាប់ទៅកាន់ពួកគេថា ពួកគេមិនអាចបន្តបើកដៃឲ្យក្រុមភេរករ និងក្រុមជ្រុលនិយមទាំងឡាយ ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ក៏ដូចជាបណ្តាញសង្គមធំៗ ដើម្បីផ្សព្វផ្សាយមនោគមន៍វិជ្ជាដ៏ពិសពុល របស់ក្រុមទាំងអស់នោះបានទៀតឡើយ។
ការលើកឡើងនេះ លោក Turnbull បានឲ្យសញ្ញាថា រូបលោកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ក្នុងគោលបំណងសម្តែងការគាំទ្រដល់របៀបវារៈអន្តរជាតិមួយ ដែលនឹងធានាថា គ្រប់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ នៅលើពិភពលោក ត្រូវតែផ្តល់ព័ត៌មាននានា ដែលអាចបង្កជាគ្រោះថ្នាក់ដល់អាជ្ញាធរ។
គួរបញ្ជាក់ថា គម្រោងនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតីតមេទ័ពរួមទាំងសមាជិកនៃបក្សប្រឆាំងរបស់ប្រទេសអូស្រ្តាលី ដោយបានលើកឡើងថា រដ្ឋាភិបាលសាកសមនឹងទទួលបាន ការជួយជ្រោមជ្រែងបន្ថែមខ្លាំងជាងមុន ពីសំណាក់ក្រុមហ៊ុនទំនាក់ទំនងសង្គមធំៗលើពិភពលោក នៅពេលដែលវាទាក់ទិននឹងបញ្ហាបង្រ្កាប និងទប់ស្កាត់អំពើភេរវកម្មពីព្រោះថា វាមិនគ្រាន់តែជារឿងរបស់រដ្ឋាភិបាលតែឯង ដែលត្រូវដោះស្រាយនោះឡើយ តែវាក៏ជាកាតព្វកិច្ចសង្គមមួយសម្រាប់ក្រុមហ៊ុនទាំងនោះ ត្រូវចាត់ចែងទទួលខុសត្រូវផងដែរ៕