(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ផ្ទុះរថយន្តដឹកប្រេង ក្នុងប្រទេសប៉ាគីស្ថានបានកើនឡើងដល់ជាង១៥៣នាក់ហើយ ខណៈមនុស្ស១០០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នា២០១៧។
អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងទៀតថា ក្នុងចំណោមមនុស្សជាង១០០នាក់ ដែលរងរបួស មានជាង៣០នាក់របួសធ្ងន់ធ្ងរ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតបំផុតនេះ បានកើតឡើងនៅទីក្រុង Bahawalpur ភាគខាងកើតប្រទេសប៉ាគីស្ថានក្នុងខេត្ត Punjab នៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរនៅក្នុងតំបន់ ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅពេលរថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់ ដោយបណ្តាលឲ្យផ្ទុះឆាបឆេះរាលដាលដល់រថយន្ត និងម៉ូតូដទៃទៀត ដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ។ មកទល់នឹងពេលនេះមូលហេតុពិតប្រាកដនៃសោកនាដកម្មនេះ ពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែដឹងថា រថយន្ដដឹកប្រេងនេះធ្វើដំណើរពីទីក្រុង Karachi ឆ្ពោះទៅកាន់ទីក្រុង Lahore នៃខេត្ត Punjab ក៏ប៉ុន្តែស្រាប់តែអ្នកបើកបរបាត់បង់ការគ្រប់គ្រង ហើយធ្វើឱ្យរថយន្ដនេះក្រឡាប់តែម្ដងនៅលើផ្លូវ highway ខាងក្រៅទីក្រុង Bahawalpur៕