(ស៊ុយអែត)៖ រដ្ឋាភិបាលស៊ុយអែតមានបំណងផ្លាស់ប្ដូរ រាល់ប្រព័ន្ធការពារដែនអាកាសចាស់ៗទាំងអស់របស់ខ្លួន ហើយថាប្រព័ន្ធមីស៊ីលរុស្ស៊ី ដែលត្រូវបានដាក់ពង្រាយនៅទីក្រុង Kaliningrad គឺជាមូលហេតុដើមនៃគោលបំណងផ្លាស់ប្ដូរនេះ ខណៈប្រព័ន្ធការពារដែនអាកាសអាមេរិក កំពុងត្រូវប៉ាន់ និងស្ថិតនៅក្នុងជម្រើសល្អជាងគេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងប្រាប់សារព័ត៌មាន Svenska Dagbladet ប្រធានទំនាក់ទំនងកងអង្គភាពទ័ពអាកាសស៊ុយអែត លោក Carl Sjostrand បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន ប្រព័ន្ធការពារមីស៊ីល MIM-23 Hawk ដែលកងកម្លាំងទ័ពអាកាសស៊ុយអែតប្រើប្រាស់ អាចនឹងត្រូវដូរចេញ ត្បិតវាមានអាយុចាស់ណាស់ទៅហើយ បើទោះជាវាអាចកែលម្អ ឬអភិវឌ្ឍន៍បានក៏ដោយ... ម្យ៉ាងវិញទៀត ដោយសារតែរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីល ដូចជា Iskander នៅ Kaliningrad នោះវានឹងក្លាយជាការគំរាមកំហែងដ៏ធំដល់ដែនកោះ Gotland និងរដ្ឋធានីរបស់ស៊ុយអែត។ ដូច្នេះក្រោមហេតុផលនេះ ប្រព័ន្ធការពារមីស៊ីលមានសមត្ថភាពខ្ពស់នឹងត្រូវមកជំនួស Hawk»។
គួរបញ្ជាក់ថា បណ្ដាប្រទេសជាច្រើនអឺរ៉ុបរួមទាំងស៊ុយអែត បានបង្ហាញពីការព្រួយបារម្ភចំពោះឥទ្ធិពលរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤ ពោលគឺនៅក្រោយពេលជម្លោះ នៅភាគខាងកើតប្រទេសអ៊ុយក្រែនផ្ទុះឡើង និងការក្រសោបយកតំបន់គ្រីមៀពីសំណាក់ទីក្រុងម៉ូស្គូ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ អង្គការណាតូ ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក តែងតែដឹកនាំការធ្វើសមយុទ្ធយោធា និងដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត ជាប់របងជាមួយរុស្ស៊ី។ តាមរយៈការធ្វើសមយុទ្ធយោធានេះទៀតសោត សព្វាវុធអាមេរិកបានទាក់ទាញការចាប់អារម្មណ៍មិនតិចនោះទេ ជាពិសេសនោះគឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបាញ់សាកល្បងដោយជោគជ័យប្រព័ន្ធស្ទាក់ចាប់មីស៊ីលឆ្លងទ្វីប កាលពីខែឧសភាកន្លងទៅ៕