(អាមេរិក)៖ កំពុងធ្វើដំណើរសន្សឹមៗនៅលើជម្រាលជើងភ្នំ Mount Sharp នៃភពអង្គារ (Mars) យានរុករកដ៏ឯកោ Curiosity នាពេលថ្មីៗនេះ ត្រូវបានផ្តិតយករូបភាពពីទីអវកាសដោយ យានអង្កេតការណ៍ Mars Reconnaissance Orbiter របស់អង្គការ NASA តាមរយៈការប្រើប្រាស់កែវយឺតអវកាសដ៏ខ្លាំងបំផុត ដែលត្រូវធ្លាប់បានបញ្ជូនទៅកាន់ភពក្រហមនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ PetaPixel នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងរូបភាពនោះ យានដែលមានបណ្តោយប្រវែងបីម៉ែត្រនេះ បានលេចឡើង ហាក់បីដូចជាចំណុចពណ៌ខៀវដ៏តូចមួយ នៅក្នុងចំណោមទិដ្ឋភាពរបស់ភ្នំ Mount Sharp នៅជុំវិញនោះដែលមានពណ៌ទង់ដែង។ រូបភាពថ្មីនេះត្រូវបានថតយកកាលពីថ្ងៃទី០៥ ខែមិថុនា ដោយប្រើប្រាស់កាមេរ៉ាដ៏មានឥទ្ធិពល HiRISE ទម្ងន់៦៥គីឡូក្រាម និងតម្លៃ៤០លានដុល្លារ ដែលបំពាក់នៅលើផ្កាយរណប Mars Reconnaissance Orbiter។
គួរបញ្ជាក់ថា HiRISE តែងតែបានធ្វើការផ្តិតយករូបភាពនៃយាន Curiosity Rover ដែលបាននិងកំពុងបំពេញបេសកកម្មស្រាវជ្រាវ និងរុករកនៅតំបន់រណ្តៅដ៏ធំ Gale ដែលមានភ្នំ Mount Sharp ជាចំណុចកំពូលកណ្តាលរបស់វា នៅលើភពអង្គារជារៀងរាល់បីខែម្តង ដើម្បីតាមឃ្លាំមើលក៏ដូចជាត្រួតពិនិត្យទៅលើលក្ខណៈសណ្ឋានដីនានា នៅជុំវិញយាននោះ ក្រែងមានការប្រែប្រួលដោយសារការសឹករិចរឹលផ្សេងៗ។
សម្រាប់គោលដៅនៃការនាំមនុស្សទៅភពអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ គឺនៅតែបន្តដោយឥតប្រែប្រួលនោះឡើយ ហើយសហរដ្ឋអាមេរិកដែលមានអង្គការ NASA ជាអ្នកដឹកនាំរឿងនេះ ក៏បានសន្យាជាច្រើនលើកច្រើនសាផងដែរថា នឹងធ្វើឲ្យបានសម្រេច ជាពិសេសនោះគឺការហោះសាកល្បងទៅឋានព្រះច័ន្ទ នៅឆ្នាំ២០២០ ដែលជាតំណាក់កាលដ៏សំខាន់ សម្រាប់ធ្វើតេស្តយាន ដែលនឹងត្រូវដឹកនាំមនុស្ស និងសម្ភារៈនានាទៅភពអង្គារ ឲ្យបាននៅឆ្នាំ២០៣០៕