(ឡុងដ៍)៖ ក្រុមអ្នកតវ៉ាជាច្រើននាក់បានរួមគ្នាដង្ហែរក្បួន ធ្វើបាតុកម្មនៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ជុំវិញការបាត់បង់ជីវិតរបស់បុរសស្បែកខ្មៅវ័យក្មេងម្នាក់ ដែលត្រូវបានប៉ូលិសសម្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
យុវជនខាងលើមានឈ្មោះថា Edir Frederico Da Costa ត្រូវបានគេវាយដំយ៉ាងហាសាវ បន្ទាប់ពីគេត្រូវបានមន្រ្តីប៉ូលិសបង្គាប់ឲ្យឈប់រថយន្ត នៅក្នុងតំបន់ Newham ភាគខាងកើតទីក្រុងឡុងដ៍កាលពីថ្ងៃទី១៥ ខែមិថុនា។ ជុំវិញរឿងហេតុនេះ មនុស្សជាច្រើនបានជឿជាក់ថា ក្រុមមន្រ្តីប៉ូលិសទាំងនោះបានប្រើប្រាស់អំពើហិង្សា និងយកឧស្ម័នបង្ហូរទឹកភ្នែកបាញ់ទៅលើយុវជនវ័យ២៥ឆ្នាំរូបនោះ នៅមុនពេលដែលយុវជន Da Costa ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក៏បានបាត់បង់ជីវិតទៅ០៦ក្រោយ គឺកាលថ្ងៃទី២១ ខែដដែល។
គួរបញ្ជាក់ថា ក្រុមបាតុករខាងលើបានរួមគ្នាតវ៉ាចំពោះការស្លាប់របស់ Da Costa នោះបានដុតបំផ្លាញសម្ភារៈសាធារណៈមួយចំនួន នៅលើដងវិថី Richmond ក្នុងទីក្រុងឡុងដ៍ ជាមួយការស្រែកទាមទារថា «ពួកយើងចង់បានយុត្តិធម៌» និង «យុត្តធម៌សម្រាប់ Da Costa» ស្របពេលដែលពួកគេបានប៉ះទង្គិចគ្នាជាមួយក្រុមមន្រ្តីប៉ូលិសការពារសណ្តាប់ធ្នាប់ នៅខាងក្រៅស្ថានីយ៍ប៉ូលិស Forest Gate។ យ៉ាងណាមិញ យោងតាមសារព័ត៌មានអង់គ្លេស ពុំមានការចាប់ខ្លួនក្រុមបាតុករត្រូវធ្វើឡើងនោះឡើយ ខណៈប៉ូលិសមួយចំនួនបានរងរបួសស្រាល៕