(ព្យុងយ៉ាង)៖ ឆ្លើយតបចំពោះការលើកឡើងពីសំណាក់កូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើងគួរតែវិលត្រឡប់មកអង្គុយតុចរចាគ្នាវិញនោះ ទីក្រុងព្យុងយ៉ាងបានព្រមានធ្ងន់ៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺមិនជារឿងសម្រាប់យកមកធ្វើការជជែកដេញដោល ឬចរចាបានជាដាច់ខាត ហើយរដ្ឋកុម្មុយនិស្តមួយនេះ បានក្រើនរំលឹកទីក្រុងសេអ៊ូលថែមទៀតថា ការអភិវឌ្ឍអាវុធប្រល័យលោកនេះ នឹងនៅតែបន្តទៅមុខទោះបីស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ បន្ថែមពីនេះកូរ៉េខាងត្បូងអាចមានផ្លូវជ្រើសមួយ ទៅរកភាពប្រសើរឡើង នោះគឺបោះបង់អាមេរិកចោល ជាថ្នូរនឹងការត្រូវគ្នាឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងបទវិចារណកថាមួយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះរបស់សារព័ត៌មានរដ្ឋ Rodong Sinmun កូរ៉េខាងជើងបានសន្យាក៏ដូចជាប្តេជ្ញាថា នឹងនៅតែបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែលមានសមត្ថភាពវាយប្រហារដល់គ្រប់គោលដៅទាំងអស់ នៅលើភពផែនដីនេះ ទោះបីជាកិច្ចចរចាការទូតទ្វេភាគីណាមួយ នឹងត្រូវធ្វើឡើង ឬក៏អត់ក៏ដោយ។ កាសែតរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដដែល បានគូសបញ្ជាក់ទៀតថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែបញ្ឈប់ការប៉ុនប៉ងរបស់ពួកគេ ដែលចង់ឲ្យកូរ៉េខាងជើង បញ្ចប់កម្មវិធីនុយក្លេអ៊ែរតទៀតទៅពីព្រោះថា វាដាច់ខាតមិនមែនជាប្រធានបទ ដែលអាចយកមកធ្វើការចរចាបាននោះឡើយ។
ជាចុងក្រោយសារព័ត៌មាន Rodong Sinmun បានលើកឡើងបន្ថែមថា រដ្ឋាភិបាលទីក្រុងសេអ៊ូល គួរតែបោះបង់ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនចោលទៅ ប្រសិនបើកូរ៉េខាងត្បូង ពិតជាចង់បង្កើនទំនាក់ទំនងរវាងប្រទេសជាបងប្អូនកូរ៉េទាំងពីរនេះ ព្រមទាំងចង់ស្វែងរកសន្តិភាព។
គួរបញ្ជាក់ថា របបដឹកនាំទីក្រុងព្យុងយ៉ាង តាំងតែពីដើមរៀងមក បានប្រកាន់ជំហរការពារសិទ្ធិរបស់ខ្លួនជានិច្ច ក្នុងការប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរ ដើម្បីធ្វើជាមធ្យោបាយការពារប្រទេសជាតិ ប្រឆាំងនឹងកម្លាំងយោធាដ៏មហិមានានា រួមទាំងឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរដ៏ធំជាងគេ គឺសហរដ្ឋអាមេរិកផងដែរ៕