(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ីបានឱ្យដឹងថា ទូកដឹកអ្នកទេសចរប្រមាណដ៏ច្រើនកុះកររហូតដល់ទៅ ១៧០នាក់ បានលិចនៅក្នុងបឹង Penol ស្ថិតនៅភាគពាយ័ព្យនៃប្រទេសនៅថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) បានឆក់យកជីវិតមនុស្ស០៩នាក់ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើងនៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ២៨នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រធាននាយកដ្ឋានបង្ការគ្រោះមហន្តរាយកូឡុំប៊ី លោកស្រី Margarita Moncada បានបញ្ជាក់ជាបឋមថា មនុស្ស០៩នាក់បានស្លាប់ និង២៨នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។ ចំណែកឯមនុស្ស៩៩នាក់ ត្រូវបានជួយសង្រ្គោះភ្លាមៗបន្ទាប់ពីទូកឈ្មោះ Almirante បានចាប់ផ្ដើមលិចចូលក្នុងទឹកបឹង Penol ហើយមនុស្ស៤០នាក់ផ្សេងទៀត ក៏ត្រូវបានគេស្រង់ចេញពីទឹកទាន់ពេលវេលាផងដែរ។ បន្ថែមពីនេះអាជ្ញាធរកូឡុំប៊ី ពុំទាន់បញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឱ្យទូកដឹកភ្ញៀវទេសចរនេះលិចនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរកូឡុំប៊ីមនុស្ស២៤នាក់ ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ និង១៣នាក់កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាព៕