ក្រុមបាតុករ «យកក្រណាត់ខ្មៅរុំលើនិមិត្តរូបទីក្រុងហុងកុង ដើម្បីសម្តែងការតវ៉ាមុនលោក ស៊ី ជិនពីង ចូលរួមពិធីរំលឹកខួប២០ឆ្នាំ» នៃការបានទីក្រុងនេះមកវិញ!
26-06-2017 09:29
(ហុងកុង)៖ ការតវ៉ាទ្រង់ទ្រាយតូច តែបង្កការចាប់អារម្មណ៍ខ្លាំង បានកើតឡើងនៅក្បែរនិមិត្តរូបនៃទីក្រុងហុងកុង ដោយនិស្សិតមួយក្រុម បានយកក្រណាត់ខ្មៅរុំលើនិមិត្តរូបនៃទីក្រុងសេដ្ឋកិច្ចរីកចំរើនបំផុតមួយនេះ (រូបផ្កាលើទង់ជាតិ) ដើម្បីសម្តែងការប្រឆាំងទៅនឹង គំរោងមកចូលរួមពិធីរំលឹកខួបទី ២០ឆ្នាំ នៃការបានទីក្រុងនេះត្រឡប់ពីអាណានិគមអង់គ្លេសវិញកាលពីឆ្នាំ១៩៩៧ ពីសំណាក់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ក្រុមនិស្សិតខាងលើនេះ ដឹកនាំដោយយុវជនឈ្មោះ Joshua Wong ដែលមានគ្នាជាង ១០នាក់ ដោយពួកគេឲ្យឈ្មោះខ្លួនឯងថា «ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង» បានប្រមូលផ្តុំគ្នានៅពីមុនកំពង់ផែ ដែលមានរូបសំណាកផ្កាពណ៌មាស តំណាងឲ្យការប្រគល់ទឹកដីពីអង់គ្លេសមកចិនវិញ កាលពីឆ្នាំ១៩៩៧ តាមរយៈកិច្ចព្រមព្រៀងជាច្រើន ដែលត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាលចិន និងអង់គ្លេស ក្នុងនោះក៏មានការសន្យារក្សាស្វ័យភាព និងប្រជាធិបតេយ្យផងដែរ។
គួរបញ្ជាក់ថា ការស្លៀកពាក់ខ្មៅសម្តែងការតវ៉ានៅព្រឹកថ្ងៃចន្ទនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានប្រកាសថានឹងចូលរួមដោយផ្ទាល់ក្នុងទិវារំលឹកខួបទី២០ឆ្នាំគត់ នៃទីក្រុងហុងកុង ដែលបានត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ក្រោយការដកចេញរបស់អាណានិគមនិយមអង់គ្លេស នៅឆ្នាំ១៩៩៧។
លោក ស៊ី ជិនពីង ដែលមានតួនាទីជាអគ្គលេខាធិការ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធាននៃគណកម្មការយោធាមជ្ឈិមផងដែរនោះ ក៏នឹងឡើងថ្លែងសុន្ទរៈកថាជាកិត្តិយសផងដែរ នៅក្នុងពិធីបើកសម្ពោធរដ្ឋបាលទីប្រាំ នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង។
គួរបញ្ជាក់ថា ទីក្រុងហុងកុងជាតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតប្រចាំតំបន់អាស៊ី និងប្រទេសចិន ហើយដែលទីក្រុងនេះក៏តែងតែរីករាយនឹងសិទ្ធិស្វ័យភាព បន្ទាប់ពីចិន និងអង់គ្លេសបានចុះហត្ថលេខាដោះដូរ ទីក្រុងភាគអាគ្នេយ៍ប្រទេសចិននេះមកវិញកាលពីឆ្នាំ១៩៩៧ផងដែរ បន្ទាប់ពីការដាក់អាណនិគមនៅអំឡុងទសវត្សរ៍ឆ្នាំ១៨៤០៕