(ដូហា)៖ ព្រះមហាក្សត្រកាតា ព្រះអង្គ Sheikh Tamim bin Hamad Al Thani បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani និងបង្ហាញពី ការបេ្ដជ្ញាចិត្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បើទោះបីជាទីក្រុងហេរ៉ង់ ត្រូវបានបណ្ដាប្រទេសអារ៉ាប់ ដែលកំពុងធ្វើសង្រ្គាមការទូតជាមួយកាតា ចាត់ទុកថាជាសភាវៈអាក្រក់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
កិច្ចសន្ទនានេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តអារ៉ាប់បានស្នើឱ្យទីក្រុងដូហា កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដើម្បីស្ដារទំនាក់ទំនងរវាងកាតា-អារ៉ាប់ឡើងវិញ។ ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Al Mayadeen ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានឆ្លើយតបទៅព្រះមហាក្សត្រកាតាថា លោកសង្ឃឹមថា ជម្លោះនៅក្នុងតំបន់អាច នឹងត្រូវដោះស្រាយតាមវិធានការការទូត ហើយថាទំាងផ្លូវគោក ផ្លូវសមុទ្រ អាកាស នឹងបើកទ្វារជានិច្ចសម្រាប់ប្រទេសជាមិត្ត និងអ្នកជិតខាងដូចជាកាតា។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន បានស្នើត្រង់ៗឱ្យទីក្រុងដូហា កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera និងបិទមូលដ្ឋានទ័ពតួកគីនៅក្នុងប្រទេស។ ក៏ប៉ុន្តែបើទោះជាកំពុងត្រូវបានគេរាំងខ្ទប់សេដ្ឋកិច្ចក៏ដោយ ក៏កាតានៅតែអះអាងថា ខ្លួននឹងមិនផ្លាស់គោលជំហរ ឬគោលនយោបាយនោះទេ ព្រោះថាខ្លួនមិនបានគាំទ្រពួកភេរវករ ដូចជាការចោទប្រកាន់កន្លងមកនោះឡើយ៕