(ម៉ានីល)៖ មន្ត្រីយោធាដែលជាតំណាងឲ្យរដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ពួកគេបានជួបពិភាក្សាជាមួយនឹងមេដឹកនាំក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ភាគខាងត្បូងប្រទេស ដែលមានទំនោរគាំទ្រក្រុមរដ្ឋអ៊ីស្លាម ISIS ដែលនេះអាចជាយកឱកាសល្អ ដើម្បីបង្កើតកិច្ចចរចាគ្នាមួយ អំឡុងពេលនៃបទឈប់បាញ់គ្នាដ៏ខ្លី ចំពោះមុខសង្គ្រាមក្នុងទីក្រុង Marawi នៃកោះមីនដាណាវ ភាគខាងត្បូងប្រទេស ដែលត្រូវបានពួកឧទ្ទាមគ្រប់គ្រងជាងមួយខែទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧។
មេដឹកនាំក្រុមឧទ្ទាមដែលមានគ្នាចំនួន ០៨នាក់ បានចូលទៅកាន់តំបន់ភាគកណ្តាលទីក្រុង Marawi តែម្តង ជាមួយនឹងកងកម្លាំងសង្គ្រោះ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងនៅឡើយទេថា តើបញ្ហាអ្វីខ្លះដែលតំណាងរដ្ឋាភិបាលហ្វីលីពីន និងមេដឹកនាំក្រុមឧទ្ទាម បានធ្វើការពិភាក្សាគ្នា ដោយមានលោក Abdullah Maute មេដឹកនាំក្រុមឧទ្ទាម Maute ចូលរួមផងដែរនោះ។
លោកឧត្តមសេនីយ៍ Dickson Hermoso របស់យោធាហ្វីលីពីន ដែលចូលនិវត្តន៍និងបានចូលរួមក្នុងកិច្ចចរចា ដើម្បីរំដោះជនស៊ីវិលដែរនោះបាននិយាយថា បទឈប់បាញ់ដែលមានរយៈពេលតែ ០៨ម៉ោង ដើម្បីបញ្ចប់ពិធីបុណ្យនៃសាសនាអ៊ីស្លាម Eid al-Fitr គឺជាការត្រួសត្រាយទៅរកកិច្ចពិភាក្សាគ្នា ហើយសម្រាប់ព័ត៌មានលម្អិតជុំវិញរឿងនេះ លោក Dickson សូមមិនធ្វើការអត្ថាធិប្បាយនោះឡើយ ដើម្បីជៀសរវាង រារាំងដល់ឱកាសនៃកិច្ចសន្ទនានាពេលខាងមុខនេះទៀត។
គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធជាងមួយខែមកនេះនៅក្នុងទីក្រុង Marawi បានផ្តាច់យកអាយុជីវិតមនុស្សអស់យ៉ាងតិច ៣៧៥នាក់ ដោយរួមបញ្ចូលទាំងប្រជាជនស្លូតត្រង់ ២៦នាក់ និងពលទាហានក៏ដូចជាប៉ូលិស ៦៩នាក់ ខណៈប៉ុន្មានផ្សេងទៀតគឺជាក្រុមសកម្មប្រយុទ្ធ។ លើសពីនេះទៀត ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងនេះ ភាគច្រើនបានភៀសខ្លួនពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធ រវាងកងកម្លាំងរដ្ឋាភិបាលហ្វីលីពីន និងក្រុមសកម្មប្រយុទ្ធបានផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ៕